ឯកឧត្តម ម៉ៅ ហាវណ្ណាល់
ដោយ វុត្ថា
ភ្នំពេញៈ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឱ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា (SCA) ពង្រីកផ្លូវរត់ប្រវែងដល់៣៣០០ម៉ែត្រ របស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឲ្យបានចប់មុនឆ្នាំ២០២២។
ថ្លែងនៅកិច្ចប្រជុំស្តីពីការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រវាងតំណាងក្រុមហ៊ុន Vinci និងក្រុមហ៊ុន Société Concessionnaire de l’Aéroport(SCA)ឬ Cambodia Airports ដឹកនាំដោយលោក Eric Delobel ជានាយកប្រតិបត្តិនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ នាយកឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់បានមានប្រសាសន៍ថា ការពន្លឿនងការពង្រីកនេះ ដើម្បីអាចធ្វើឱ្យយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបាន ស្របតាមអនុសាសន៏សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាអាចទទួលយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅឆ្នាំ ២០២២ នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ និងគោលដៅបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជា។
-->
លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃលេខាធិការដ្ឋានអាកាសស៊ីវិល បានឲ្យធ្លាប់បានដឹងកន្លងមកថា មកដល់បច្ចុប្បន្ននេះការពង្រីកផ្លូវរត់នេះ បានប្រហែលប្រមាណ ៦០ទៅ៧០ភាគរយ ហើយនៅពេលយើងពង្រីកចប់ ព្រលានយន្តហោះនេះអាចទទួលការចុះចតយន្តហោះប្រភេទធុនធំ និងឆ្លងទ្វីបបាន។
លោកបន្តថា “ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមទទួលចុះចតប្រភេទយន្តហោះ ដែលហោះក្នុងរយៈពេលចន្លោះពី១២ទៅ១៦ម៉ោង មកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក ; ហើយនៅឆ្នាំ២០២៥ កម្ពុជានឹងមានព្រលានយន្តហោះទី២ខ្នាត 4F នេះដែរ គឺចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ”។
សព្វថ្ងៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលមានប្រវែង២,៥00ម៉ែត្រនេះមិនទាន់ឆ្លើយតបតាមតម្រូវឱ្យការហោះហើរ និងចុះចតរបស់យន្តហោះធុនធំបានទេ ដូច្នេះសព្វថ្ងៃព្រលាននេះ ទទួលបានត្រឹមតែយន្តហោះប្រភេទ Air bus 321និងបូអ៊ីង 757 ក៏ប៉ុន្តែតម្រូវការឱ្យយន្តហោះ ធ្វើដំណើរផ្លូវឆ្ងាយប្រភេទយន្តហោះធំៗ មិនទាន់អាចចុះចតបាននៅឡើយ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានជើងហោះហើរពី ១០ ទៅ១៥ជើងក្នុងមួយថ្ងៃ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងទទួលស្គាល់ថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុពិតជាមានសកម្មភាពមមាញឹកខ្លាំងធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារគោលនយោបាយបើកចំហជើងមេឃរបស់សម្តេចតេជោ បានធ្វើឲ្យវិស័យអាកាសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដោយបច្ចុប្បន្នទីផ្សារអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងខ្ពស់ជាងផ្លូវគោក និងផ្លូវទឹក៕