រូបភាពតំណាង
ដោយៈ រ៉ាណេត
ភ្នំពេញៈ រោងចក្រផលិតសម្ភារៈសំណង់ថ្មីមួយ ត្រូវបានរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យចាប់ផ្តើមសាងសង់ និងដំណើរការចង្វាក់ផលិតកម្មដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានកន្លែងធ្វើការចំនួន១២៥កន្លែង ជាមួយនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត៥លានដុល្លារ។
តបតាមសំណើរនៃការស្នើសុំរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យរោងចក្រផលិតសម្ភារៈសំណង់ដែលមានឈ្មោះថា Yong De Xin (Cambodia) Co.,Ltd ចាប់ផ្តើមសាងសង់ និងបើកដំណើរការខ្សែចង្វាក់ផលិតកម្មរស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
-->
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា វត្តមាននៃរោងចក្រផលិតសម្ភារៈសំណង់មួយនេះ នឹងចូលរួមក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ និងតំបន់ដែលស្ថិតនៅជិតខាងផងដែរ។ លោកបានមានប្រសាសន៍ទៀតថា នាពេលបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាននិងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ច បានកាន់តែប្រសើរជាងមុន ពោលគឺមានការរីកចម្រើនយ៉ាងខ្លាំងទៅលើការវិនិយោគក្នុងរូបភាពជារោងចក្រ សហគ្រាសធំៗជាច្រើនទីតាំង។
លោកបានបន្តទៀតថា “ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាស ក៏ដូចជាសិប្បកម្មនានាទាំងអស់ ដែលកំពុងមានសកម្មភាពនាពេលបច្ចុប្បន្ននេះ វាពិតជាមានសារសំខាន់បំផុត ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកចំណាកស្រុកមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ”។

លោកបានបញ្ជាក់ទៀតថា នៅក្នុងខេត្តកំពង់ស្ពឺ នៅមានគម្រោងវិនោយោគធំៗជាច្រើនទៀតដែលនឹងបង្ហាញខ្លួន និងដាក់ទីតាំងនៅក្នុងខេត្ត ដែលកំពុងតែមានសក្ដានុពលមួយនេះ ខណៈដែលការស្នើសុំកំពុងតែឆ្លងកាត់ការពិនិត្យពីសំណាក់រាជរដ្ឋាភិបាល៕