៤ចំណុច​ដើម្បី​ជំរុញ​ការ​រីកចម្រើន​ និង​ធានា​និរន្តរភាព​របស់​ក្រុមហ៊ុន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការបង្កើត​ក្រុមហ៊ុន​មួយ​វា​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ​ ប៉ុន្តែ​ការគ្រប់គ្រង​បុគ្គលិក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បន្តដំណើរ​ការ​របស់​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​នោះ​ទើប​ជា​រឿង​ដែល​លំបាក​ ដែល​ត្រូវតែ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការអនុវត្ត​។

អគ្គនាយក​ក្រុមហ៊ុន ​LICA​ Cambodia​ លោ​កសឿន​ យ៉ាន​ បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​ក្នុង​ការគ្រប់គ្រង​បុគ្គលិក​ និង​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​យ៉ាង​ដូច្នេះ​ថា​ គ្រប់​អ្នកដឹកនាំ​ និង​អ្នកគ្រប់គ្រង​ទាំងអស់​ គឺ​សុទ្ធតែ​មាន​យុទ្ធ​សា​ស្ត្រផ្សេង​ៗពីគ្នា​ ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់​ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ដូចខាងក្រោម​។

១) ទុក​បុគ្គលិក​ដូចជា​បងប្អូន​បង្កើត​

​ធម្មតា​បុគ្គលិក​ដែល​ចូល​មក​បម្រើការ​ងារ​ នៅក្នុង​ក្រុមហ៊ុន​ដែល​ជ្រកនៅ​ក្រោម​ដំបូល​តែមួយ​ វា​ប្រៀបបានទៅ​នឹង​ក្រុម​គ្រួសារ​យ៉ាង​ដូច្នោះ​ ដូច្នេះ​ការយោគយល់​ ការ​ផ្តល់​ក្ដី​អាណិត​ស្រឡាញ់​ ក្នុងនាម​ជាស​មា​ជិ​កគ្រួសារ​ចាំបាច់​ត្រូវតែ​ផ្តល់​ដល់​ពួក​គេ​ស្មើ​ៗគ្នា​។ នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ ត្រូវតែ​ការ​ជជែកវែក​ញ៉ែក​ពី​ហេតុ​បង្ក​ រួម​ជាមួយនឹង​ការស្វែងរក​ដំណោះស្រាយ​ ជាជាង​ការ​ស្ដីបន្ទោស​ទាំង​កម្រោល​ និង​គ្មាន​ហេតុផល​នោះ​ទេ​។

២) ភាព​ស្មោះត្រង់​ និង​ផ្តល់​ទំនុកចិត្ត​ និង​ក្ដី​សង្ឃឹម​ដល់​បុគ្គលិក​

លើស​ពី​ការ​ចាត់ទុកជា​សមាជិក​នៅក្នុង​ក្រុម​គ្រួសារ​តែមួយ​ ក្នុងនាម​ជា​អ្នក​គ្រប់​គ្រ​ ង និង​ដឹកនាំ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ ភាព​ស្មោះត្រង់​ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ ជាពិសេស​ផ្តល់​នូវ​ក្ដី​សង្ឃឹម​ដល់​បុគ្គលិក​ក្រោម​ឱវាទ​។ នៅពេល​បុគ្គលិក​បំពេញ​ការងារ​បាន​លទ្ធផល​ល្អ​ប្រសើរ​គឺ​ប្រាប់​ថា​ល្អ​ ប្រសិនបើ​ការងារ​ជួប​បញ្ហា​ ឬជួប​ភាព​បរាជ័យ​គឺ​ប្រាប់​ថា​បរា​ ជ័យ​នៅ​ចំពោះ​បុគ្គលិក​ដើម្បី​កែប្រែ​កំហុស​ ដែល​វា​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​កែតម្រូវ​បុគ្គលិក​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ការងារ​ ល្អ​ជាង​ការ​គាំ​ទុក​ក្នុងចិត្ត​ ដែល​ប្រៀបបានទៅ​នឹង​ការ​ជម្រុ​ញឱ្យ​ធ្លាក់​ជ្រោះ​ជ្រៅ​យ៉ាង​ដូច្នោះ​ដែរ​។

៣) បរិយាកាស​ការងារ​គឺ​យក​លទ្ធផល​ជាធំ​

​ក្រុមហ៊ុន​ឬកន្លែង​ធ្វើការ​ មិនមែន​ជា​កន្លែង​ហាត់រៀន​ច្បាប់​ទាហាន​នោះ​ទេ​។ មានន័យថា​ បរិយាកាស​នៃ​កន្លែង​បំពេញ​ការងារ​ ក៏​ត្រូវតែ​មាន​ភាព​រីករាយ​ស្រស់ស្រាយ​ ដើម្បី​ជម្រុ​ញអារម្មណ៍​ និង​ស្មារតី​របស់​បុគ្គលិក​ឱ្យ​ចេះ​ស្រឡាញ់​ការងារ​ ខិតខំ​បំពេញភារកិច្ច​ជាប់​ជាប្រចាំ​។ លទ្ធផល​ការងារ​ជាធំ​ ដូច្នេះ​សំពាធ​ស្មារតី​ និង​អារម្មណ៍​ទៅលើ​ច្បាប់ទម្លាប់​ហាក់​ត្រូវ​បាន​កាត់បន្ថយ​ខ្លះ​។ ប៉ុន្តែ​មិនមែន​មានន័យថា​ មាន​ភាព​ធូរ​លុង​រហូត​បាត់បង់​វិន័យ​នៅក្នុង​ក្នុង​ក្រុមហ៊ុន​នោះ​ទេ​។

៤) ការ​ផ្តល់​រង្វាន់​ និង​ការ​ដាក់​ពិន័យ​

​នេះ​ជា​ចំណុចរួម​មួយ​ ដែល​ស្ទើរតែ​គ្រប់​បុគ្គលិក​ទាំងអស់​ត្រូវការ​។ នៅពេល​បំពេញការងារ​បាន​ល្អ​ ទទួល​បាន​លទ្ធផល​ប្រសើរ​គួរតែ​មានការ​លើកទឹកចិត្ត​ តាមរយៈ​ការ​ផ្តល់​ជា​រង្វាន់​ ជា​ប្រាក់ឧបត្ថម្ភ​បន្ថែម​ទៅលើ​មុខងារ​ ដែល​ជា​ការ​ជម្រុ​ញទឹកចិត្ត​បុគ្គលិក​ឱ្យ​កាន់តែ​បង្កើន​ភាព​ខិតខំ​របស់​ខ្លួន​។ ប៉ុន្តែ​នៅពេល​ដែល​បុគ្គលិក​បង្ក​ជា​បញ្ហា​ ដែល​លើស​ពី​ការ​គិត​ ចាំបាច់​ត្រូវតែ​មានការ​ពិន័យ​ ឬបង្គាប់​ឱ្យ​មានការ​កែតម្រូវ​ទៅលើ​ការអនុវត្ត​របស់​បុគ្គលិក​ដែល​អនុវត្ត​ខុស​គោលការណ៍​ក្រុមហ៊ុន​ ដើម្បី​ជា​ការព្រមាន​ និង​បង្ហាញ​ទៅដល់​បុគ្គលិក​ដទៃទៀត​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here