ដោយៈ រ៉ាណេត
ភ្នំពេញៈ ការបង្កើតក្រុមហ៊ុនមួយវាមិនមែនជារឿងលំបាកពេកនោះទេ ប៉ុន្តែការគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបន្តដំណើរការរបស់ក្រុមហ៊ុនឱ្យមានភាពរីកចម្រើននោះទើបជារឿងដែលលំបាក ដែលត្រូវតែមានយុទ្ធសាស្ត្រក្នុងការអនុវត្ត។
អគ្គនាយកក្រុមហ៊ុន LICA Cambodia លោកសឿន យ៉ាន បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងបុគ្គលិក និងដឹកនាំក្រុមហ៊ុនឱ្យមានភាពរីកចម្រើនយ៉ាងដូច្នេះថា គ្រប់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងអស់ គឺសុទ្ធតែមានយុទ្ធសាស្ត្រផ្សេងៗពីគ្នា ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ បានអនុវត្តនូវយុទ្ធសាស្ត្រចំនួន៤ចំណុចដូចខាងក្រោម។
១) ទុកបុគ្គលិកដូចជាបងប្អូនបង្កើត
ធម្មតាបុគ្គលិកដែលចូលមកបម្រើការងារ នៅក្នុងក្រុមហ៊ុនដែលជ្រកនៅក្រោមដំបូលតែមួយ វាប្រៀបបានទៅនឹងក្រុមគ្រួសារយ៉ាងដូច្នោះ ដូច្នេះការយោគយល់ ការផ្តល់ក្ដីអាណិតស្រឡាញ់ ក្នុងនាមជាសមាជិកគ្រួសារចាំបាច់ត្រូវតែផ្តល់ដល់ពួកគេស្មើៗគ្នា។ នៅពេលមានបញ្ហាណាមួយកើតឡើង ត្រូវតែការជជែកវែកញ៉ែកពីហេតុបង្ក រួមជាមួយនឹងការស្វែងរកដំណោះស្រាយ ជាជាងការស្ដីបន្ទោសទាំងកម្រោល និងគ្មានហេតុផលនោះទេ។
២) ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្ត និងក្ដីសង្ឃឹមដល់បុគ្គលិក
លើសពីការចាត់ទុកជាសមាជិកនៅក្នុងក្រុមគ្រួសារតែមួយ ក្នុងនាមជាអ្នកគ្រប់គ្រ ង និងដឹកនាំត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តខ្ពស់ ជាពិសេសផ្តល់នូវក្ដីសង្ឃឹមដល់បុគ្គលិកក្រោមឱវាទ។ នៅពេលបុគ្គលិកបំពេញការងារបានលទ្ធផលល្អប្រសើរគឺប្រាប់ថាល្អ ប្រសិនបើការងារជួបបញ្ហា ឬជួបភាពបរាជ័យគឺប្រាប់ថាបរា ជ័យនៅចំពោះបុគ្គលិកដើម្បីកែប្រែកំហុស ដែលវាជាវិធីល្អមួយក្នុងការកែតម្រូវបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាពការងារ ល្អជាងការគាំទុកក្នុងចិត្ត ដែលប្រៀបបានទៅនឹងការជម្រុញឱ្យធ្លាក់ជ្រោះជ្រៅយ៉ាងដូច្នោះដែរ។
៣) បរិយាកាសការងារគឺយកលទ្ធផលជាធំ
ក្រុមហ៊ុនឬកន្លែងធ្វើការ មិនមែនជាកន្លែងហាត់រៀនច្បាប់ទាហាននោះទេ។ មានន័យថា បរិយាកាសនៃកន្លែងបំពេញការងារ ក៏ត្រូវតែមានភាពរីករាយស្រស់ស្រាយ ដើម្បីជម្រុញអារម្មណ៍ និងស្មារតីរបស់បុគ្គលិកឱ្យចេះស្រឡាញ់ការងារ ខិតខំបំពេញភារកិច្ចជាប់ជាប្រចាំ។ លទ្ធផលការងារជាធំ ដូច្នេះសំពាធស្មារតី និងអារម្មណ៍ទៅលើច្បាប់ទម្លាប់ហាក់ត្រូវបានកាត់បន្ថយខ្លះ។ ប៉ុន្តែមិនមែនមានន័យថា មានភាពធូរលុងរហូតបាត់បង់វិន័យនៅក្នុងក្នុងក្រុមហ៊ុននោះទេ។
៤) ការផ្តល់រង្វាន់ និងការដាក់ពិន័យ
នេះជាចំណុចរួមមួយ ដែលស្ទើរតែគ្រប់បុគ្គលិកទាំងអស់ត្រូវការ។ នៅពេលបំពេញការងារបានល្អ ទទួលបានលទ្ធផលប្រសើរគួរតែមានការលើកទឹកចិត្ត តាមរយៈការផ្តល់ជារង្វាន់ ជាប្រាក់ឧបត្ថម្ភបន្ថែមទៅលើមុខងារ ដែលជាការជម្រុញទឹកចិត្តបុគ្គលិកឱ្យកាន់តែបង្កើនភាពខិតខំរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលបុគ្គលិកបង្កជាបញ្ហា ដែលលើសពីការគិត ចាំបាច់ត្រូវតែមានការពិន័យ ឬបង្គាប់ឱ្យមានការកែតម្រូវទៅលើការអនុវត្តរបស់បុគ្គលិកដែលអនុវត្តខុសគោលការណ៍ក្រុមហ៊ុន ដើម្បីជាការព្រមាន និងបង្ហាញទៅដល់បុគ្គលិកដទៃទៀតដែរ៕