កត្តា​សំ​ខាន់​ៗចំនួន១០ នឹង​ធ្វើឲ្យ​ក្រុង​បាវិត​ក្លាយ​ជាទីក្រុង​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​

0
លោកសោម កែវម៉ាលីដា (Andy)

ដោយ​ស៊ីវ​ ម៉េ​ង

ស្វាយ​រៀងៈ​ គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​បាន​ និង​កំពុង​រៀបចំ​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជាទី​ក្រុង​ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ ក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ លោក​សោម​ កែវ​ម៉ាលី​ដា​(Andy​) បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១០​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ក្រុង​បាវិត​បាន​ និង​កំពុង​ពង្រីក​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ ដោយសារ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើ​នវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​កំពុង​កើនឡើង​។

លោក​បន្ត​ថា​ មាន​សក្តា​នុ​ពល​ធំៗ​ចំនួន១០​ ដែល​បាន​និង​កំពុង​ប្រែក្លាយ​ទីក្រុង​នេះ​ ជាទី​ក្រុង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​។ សក្តា​នុ​ពល​ទាំងនោះ​មាន​ដូចជា​ ទី១​ ដោយសារ​រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដោយ​ពង្រីក​ផ្លូវជាតិ​លេខ១ចាប់់​ពី​គីឡូម៉ែត្រ១៥៩​ ដល់​គីឡូម៉ែត្រ​លេខ១៦៤​ ជា​ផ្លូវ​ពីរ​គន្លង​ដោយមាន​ទំហំ៦០ម៉ែត្រ​ និង​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​ ទី២​ ផ្លូវ​ថ្មី​ជា​ផ្លូវ​សំរាប់​រថយន្ត​កុង​ទី​ណ័រ​ឆ្លងកាត់​មាន​ទំហំ៦០ម៉ែត្រ​ ជា​ផ្លូវ​ពុះ​កាត់​កណ្កា​លក្រុង​ ដែល​បាន​និង​កំពុង​សាង​សង់់​យ៉ាងសកម្ម​។

ទី៣​ ផ្លូវ​ក្រ​វ៉ាត់​ព្រំដែន​កម្ពុជា​ វៀតណាម​ នៅ​ច្រក​ព្រៃតាអី​ ឆ្ពោះ​មកកាន់​តំបន់​ធ្លក​ និង​ភ្ជាប់​ជាមួយ​ផ្លូវ​កុង​ទី​ណ័​រថ្មី​ ដែល​ផ្លូវ​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ដែល​នឹង​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​ ទី៤​ វិស័យ​ឯកជន​បាន​និង​កំពុង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​កើនឡើង​ ​; ដែល​ទីក្រុង​នេះ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​ទៀត​នឹង​បើក​ដំណើរការ​នា​ពេល​ខាងមុខ​ ទី៥​ ការ​វិនិយោគ​លើ​សណ្ឋាគារ​ កាស៊ីណូ​ រមណីយ​ដ្ឋាន​ថ្មី​ៗកំពុង​កើនឡើង​ ទី៦​ មាន​ផែស្ងួត​សំរាប់​ផ្ទុក​កុង​ទី​ណ័​រកើន​ឡើង​កាន់តែ​ច្រើន​ ទី៧​ ជាមួយ​នេះ​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ក៏​កំពុង​មានការ​សាងសង់​កើនឡើង​យ៉ាងច្រើន​ ។

ទី៨​ ទីក្រុង​រណ​បថ្មីៗ​ចំនួន​ពីរ​ គឺទី​ក្រុង​រណប​ហេង​ ហេង​ និង​ទីក្រុង​រណប ​Empire​ World ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ទី៩​ ជាមួយគ្នា​នេះ​ ក្រុង​បាវិត​មានការ​រៀបចំ​នូវ​ឯកសារ​បទដ្ឋាន​គិត​យុត្តិ​ ផ្នែក​នគរូបនីយកម្ម​ សូរិ​យោ​ដី​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​មិន​មាន​បញ្ហា​ជម្លោះដីធ្លី​កើតឡើង​ច្រើន​ឡើយ​ ទី១០​ កំនើ​ននៃ​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​កើនឡើង​ដូចជា​ អ្នក​វិនិយោគ​ចិន​ កូរ៉េ​ ជប៉ុន​ អាមេរិក​ជាដើម​បាន​ចូល​ទៅ​វិនិយោគ​នៅ​ទីក្រុង​នេះ​កាន់តែ​ច្រើន​។

ក្នុង​ឳកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ពី​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ទៅកាន់​ព្រំដែន​បាវិត​ ខេត្តស្វាយរៀង​នា​ពេល​អនាគ​តឆាប់​ៗខាងមុខ​ផង​ដែរ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ បាន​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ ហើយ​ពួកគេ​បាន​បង្ហើប​ថា​ ក្រុមហ៊ុន​នឹង​ទទួលបន្ទុក​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ជាមួយ​ទីក្រុង​ពីរ​ទៀត​គឺ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ ជា​តំបន់​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​៕

LEAVE A REPLY

Please enter your comment!
Please enter your name here