អ្នកជំនាញ​៖ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​នឹង​អភិវឌ្ឍ​លឿន​ស្រដៀងនឹង​តំបន់​ភ្នំពេញថ្មី​

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់ពី​មាន​សេចក្ដីប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​ម៉ោក​ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​ បច្ចុប្បន្ន​ស្ថានភាព​នៃ​តម្លៃ​ដី​នៅ​តំបន់​នេះ​ កំពុង​មានសន្ទុះ​ខ្លាំង​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ចាប់ផ្តើម​កើនឡើង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ នា​ពេល​បច្ចុប្បន្ន​នេះ​លែង​ជា​តំបន់​ឯកា​ និង​ដាច់​ស្រ​យ៉ា​លពី​ក្រុង​ទៀតហើយ​ ខណៈ​ដែល​បណ្តាញ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សាធារណៈ​ កាន់តែ​មានការ​អភិវឌ្ឍ​យ៉ាងច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ បើ​ទោះជា​មិន​មាន​សេចក្ដីប្រកាស​ស្ដីពី​ គម្រោង​អភិវឌ្ឍ​ក្នុង​ប្លង់​មេ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដោយ​ ក៏​តំបន់​បឹង​តា​ម៉ោក​នៅតែ​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​នោះ​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​បឹង​តា​ម៉ោក​ ជា​តំបន់​មាន​អំណោយផល​លើ​កក្តា​ភូមិសាស្ត្រ​ ងាយស្រួល​អភិវឌ្ឍ​ស្រដៀងគ្នា​ទៅ​នឹង​តំបន់​ភ្នំពេញថ្មី​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ប៉ុន្តែ​នៅពេល​មាន​គម្រោង​អភិវឌ្ឍ​ពីសំណាក់​រាជរដ្ឋាភិបាល​ វា​ជាច​លក​រមួយ​ជួយ​ជម្រុ​ញឱ្យ​តម្រូវការ​ទីផ្សារ​លំនៅ​ដ្ឋាន​ ក្នុង​តំបន់​នេះ​កាន់តែ​មាន​ភាព​ពុះកញ្ជ្រោល​ ជាក់ស្ដែង​ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូត​មក​ដល់ពេលនេះ ចំនួន​ប្រជាជននៅ​តំបន់​នេះ​មានការ​កើនឡើង​យ៉ាង​គំហុក​”។

បឹង​តា​មោឃ​ ស្ថិត​ក្នុង​ខ័ណ្ឌ​ព្រែកព្នៅ​ ខ័ណ្ឌ​ព្រែកព្នៅ​ និង​មាន​ភូមិ​សាស្រ្ត​ជាប់​ជាមួយ​ស្រុក​អង្គ​ស្នូល​ និង​ស្រុក​ពញ្ញា​ឮ ខេត្តកណ្តាល​។

លោ​កង៉ែ​ង ជូ​បាន​បន្ត​ថា​ “នៅពេល​មាន​កំណើន​ប្រជាសាស្ត្រ​ តម្រូវការ​វិស័យ​លំនៅ​ដ្ឋាន​នឹង​កើនឡើង​ ហើយ​វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​អចលនទ្រព្យ​ ជាពិសេស​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លើកឡើង​ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា​ នៅពេល​ដែល​ក្រឡេក​មើល​ពី​ស្ថានភាព​ជាក់ស្ដែង​ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ពេលនេះ​ ពិតជា​ភ្ញាក់ផ្អើល​បើ​ប្រៀបធៀប​ទៅ​នឹង​កាល​ពី​ប្រមា​ន ២-៣ ឆ្នាំមុន​។

​លោកស្រី​បន្ត​ទៀត​ថា​ “មានផ្លូវ​ជាច្រើន​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​ធ្វើដំណើរ​ផ្សារភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​តំបន់​នេះ​”។

លោកស្រី​បន្ថែម​ថា​ “ពេលនេះ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​ចាប់ផ្តើម​ធ្វើសកម្មភាព​សាងសង់​ សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ជា​បណ្តើរ​ៗហើយ​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​នៅ​តំបន់​នេះ​ ការ​ធ្វើជំនួញ​លើ​វិស័យ​ដីធ្លី​កំពុងតែ​ផុលផុស​ខ្លាំង​ ជាពិសេស​ក្នុង​រូបភាព​ជា​ការ​ពុះ​លក់​ជា​ដី​ឡូ​តិ៍​ ហើយ​អ្នកទិញ​ដី​ឡូ​តិ៍​មួយចំនួន​ក៏​ចាប់ផ្តើម​សាងសង់​លំនៅ​ដ្ឋាន​ ជា​លក្ខណៈ​កម្មសិទ្ធិ​ឯកជន​ផង​ដែរ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដី​នៅក្នុង​តំបន់​នេះ​ បើ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​អាច​មានតម្លៃ​ក្នុង​ចន្លោះ២០០​-២៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​ទំហំ​ធំ​) និង​តម្លៃ​ចន្លោះ​ពី​ ៣០០​-៣៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​ដែល​មាន​ទំហំ​តូច​) ហើយ​នៅ​ថ្ងៃ​អនាគត​ វា​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​។

​លោកស្រី​បាន​បន្ត​ថា​ “តម្លៃ​ដី​នៅ​តំបន់​នេះ​ហាក់​ខ្ពស់​បន្តិច​ វា​អាច​ជា​ឧបសគ្គ​សម្រាប់​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ និង​មធ្យម​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ វា​ក៏​ជា​ឱកាសល្អ​ ចំពោះ​បណ្តា​អ្នក​អភិវឌ្ឍ​មួយចំនួន​ ដែល​បាន​វិនិយោគ​លើ​វិស័យ​ដីធ្លី​ក្នុង​ជំហាន​ដំបូង​រួច​ទៅ​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​”។

តំបន់​បឹង​តា​ម៉ក​ត្រូវ​បាន​រាជរដ្ឋាភិបាល​ សម្រេច​ប្រកាស​គម្រោង​ធ្វើការ​អភិវឌ្ឍ​ជា​ផ្សារ​បោះ​ដុំ​បន្លែ​ និង​ចំណតរថយន្ត​ខ្នាត​ធំ​ ដោយ​តម្រូវ​ចាក់​ដី​លុប​បឹង​ទំហំ២០ហិ​កាត​ រួម​ជាមួយនឹង​គម្រោង​សាងសង់​អាងទឹក​ដ៏​ធំ​ប្រចាំ​តំបន់​។ ក្រៅពី​នេះ​ក៏​មាន​គម្រោង​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ឆ្ពោះទៅ​កាន់​តំបន់​នេះ​ផង​ដែរ​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ដែល​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​នៅ​តំបន់​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here