ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ស្តីពី “អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី” នៅសាធារណរដ្ឋតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orbán) សម្តេច តេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេច តេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការ គួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា។
-->
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកសារពីរគឺ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំនឹងត្រូវចុះហត្ថលេខា។
ក្រសួងការបរទេសបានបន្តទៀតថា កិច្ចប្រជុំកំពូលCICAលើកទី៥ សម្តេច តេជោ នាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះ និងមានជំនួបទ្វេភាគី។
ដោយឡែក តបតាមការអញ្ជើញរបស់លោក Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន និងជាប្រធានកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរស កម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (5th CICA Summit) ពីឆ្នាំ២០១៨ ដល់២០២០ សម្តេច តេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម 5th CICA Summit ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេច តេជោ នឹងថ្លែងសុន្ទរកថា ដ៏សំខាន់មួយដោយ ផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អ៊ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។
CICA គឺជាវេទិកាពហុភាគី ដែលមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួនក្នុងវិស័យមួយចំនួន ដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោកទាំងមូល។ បច្ចុប្បន្ន សន្និសីទនេះ មានសមាជិកអចិន្រៃ្តយ៍ចំនួន ២៦ ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១ ៕