សំណង់អគារខ្ពស់ៗកំពុងសាងសង់
ដោយ ដូណាល់ លី
ភ្នំពេញៈ ក្រុមហ៊ុន Kingsmen CMTI ភីអិលស៊ី ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មរចនាផ្ទៃខាងក្នុង និងសំណង់សម្រាប់លក់រាយ និងការិយាល័យ នឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះបានបើកការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីឆ្នាំមុន។
លោកស្រី Sunisa Ratnanenya អនុប្រធានគ្រប់គ្រងក្រុមហ៊ុនបានប្រាប់កាសែត The Nationកាលពីពេលថ្មីៗនេះថា “យើងបានពង្រឹងជំហររបស់យើង នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគថ្មីដោយមានក្រុមហ៊ុនពីថៃ និងបរទេសដែលពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ រួមមាន ក្រុមហ៊ុន Ralph Lauren ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Pizza Company និងក្រុមហ៊ុន S&P”។
-->
លោកស្រី បានបន្ថែមថា “ការបើកដំណើរការបរិវេណអាជីវកម្មថ្មី នឹងមានតម្រូវការកើនឡើង សម្រាប់សេវាកម្មរបស់ក្រុមហ៊ុននៅក្នុងវិស័យតុបតែង ការសាងសង់ និងការរចនា”។
ក្រុមហ៊ុននេះរំពឹងថា នឹងរកចំណូលបានប្រហែល១លានដុល្លារ ក្នុងឆ្នាំ២០២០ ដោយសារតែការរីកចម្រើន នៃយីហោនិងហាងលក់រាយអន្តរជាតិ នៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ក្រុមហ៊ុន Kingsmen CMTI មានប្រភពចេញពីប្រទេសថៃ និងបង្កើតឡើងក្នុងឆ្នាំ ១៩៨៩។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃក្នុងឆ្នាំ២០១៥។
កម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីបរទេស លើទឹកប្រាក់ចំនួន៣ពាន់លានដុល្លារកាលពីឆ្នាំមុនពោល កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕