ដោយ វុត្ថា
ភ្នំពេញៈ លិខិតយថាភូត គឺជាលិខិតដែលធ្វើឡើងដោយសារការី ឬលិខិតឯកជនដែលសារការីចុះនិទ្ទេសថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះកាលបរិច្ឆេទ និងហត្ថលេខាក្រោយពេលខ្លួនបញ្ជាក់ថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់។
ការធ្វើកិច្ចសន្យាតាមលិខិតយថាភូតនោះ គឺដាច់ខាតត្រូវតែមានមន្រ្តីដែលមានសមត្ថកិច្ចចូលរួមក្នុងការធ្វើ ដូចជា តាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា៦៥ បានចែងថា” ការផ្ទេរកម្មសិទ្ធិមុនអាចជំទាស់ពីអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវបានចុះបញ្ជីនៅអង្គការសុរិយោដី”។
កិច្ចសន្យាលក់ឯកជន មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិនោះមានភាពពេញលេញតាមទិដ្ឋភាពច្បាប់បានឡើយ។ តាមក្រមរដ្ឋប្បវេណីថ្មីនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៣៤ និង១៣៥ បានកំណត់អំពីលក្ខខណ្ឌ នៃការតតាំងចំពោះសិទ្ធិប្រត្យក្ស ទាល់តែមានការចុះបញ្ជី ទើបតតិយជនមិនអាចជំទាស់បានចំពោះអចលនវត្ថុ។
កិច្ចសន្យាទិញលក់អចលនទ្រព្យ ត្រូវធ្វើដោយលិខិតយថាភូត ពីព្រោះតាមមាត្រា៣៣៦ កថាខណ្ឌ២បានចែងថា កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ច ធ្វើអនុប្បទាននូវកម្មសិទ្ធិលើអចលនវត្ថុ ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុ និងមានអានុភាព លុះត្រាតែបានធ្វើលិខិតយថាភូត។
ដូចនេះកិច្ចសន្យាទិញ លក់អចលវត្ថុត្រូវតែធ្វើតាមលិខិតយថាភូត បើមិនដូច្នោះទេ កិច្ចសន្យានោះ និងត្រូវទុកជាមោឃៈ ព្រោះបញ្ញត្តិដែលមានចែងក្នុងមាត្រា៣៣៦ គឺជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ។ តាមមាត្រា៣៥៧ ប្រសិនបើសកម្មភាពនេះបានធ្វើផ្ទុយ និងបញ្ញត្តិដែលអនុវត្តដោយបង្ខុំត្រូវទុកជាមោឃៈ៕