ចំណេះដឹង​ ! តើ​អ្វីទៅ​លិខិតយថាភូត​សម្រាប់​អចលនទ្រព្យ​?

0
តើ​អ្វីទៅ​លិខិតយថាភូត​សម្រាប់​អចលនទ្រព្យ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លិខិតយថាភូត​ គឺជា​លិខិត​ដែល​ធ្វើឡើង​ដោយសារ​ការី​ ឬលិខិតឯកជន​ដែល​សារការី​ចុះ​និទ្ទេស​ថា​ លិខិត​នោះ​មាន​ភាព​ត្រឹមត្រូវ​តាមច្បាប់​ និង​ចុះ​កាលបរិច្ឆេទ​ និង​ហត្ថលេខា​ក្រោយពេល​ខ្លួន​បញ្ជាក់​ថា​ លិខិត​នោះ​មាន​ភាព​ត្រឹមត្រូវ​តាមច្បាប់​។

ការ​ធ្វើ​កិច្ចសន្យា​តាម​លិខិតយថាភូត​នោះ​ គឺ​ដាច់ខាត​ត្រូវតែ​មាន​មន្រ្តី​ដែល​មានសមត្ថកិច្ច​ចូលរួម​ក្នុង​ការ​ធ្វើ​ ដូចជា​ តាម​ច្បាប់​​ភូមិបាល​ឆ្នាំ២០០១​ មាត្រា៦៥​ បាន​ចែងថា​” ការផ្ទេរ​កម្មសិទ្ធិ​មុន​អាច​ជំទាស់​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅ​អង្គការ​សុរិយោដី​”។

កិច្ចសន្យាលក់​ឯកជន​ មិន​អាច​ចាត់ទុកជា​ការផ្ទេរ​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​នោះ​មាន​ភាព​ពេញលេញ​តាម​ទិដ្ឋភាព​ច្បាប់​បាន​ឡើយ​។ តាម​ក្រមរ​ដ្ឋ​ប្ប​វេណី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា១៣៤​ និង១៣៥​ បាន​កំណត់​អំពី​លក្ខខណ្ឌ​ នៃ​ការ​តតាំង​ចំពោះ​សិទ្ធិ​ប្រត្យក្ស​ ទាល់តែ​មានការ​ចុះបញ្ជី​ ទើប​តតិយជន​មិន​អាច​ជំទាស់​បាន​ចំពោះ​អចលនវត្ថុ​។

កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​ ត្រូវ​ធ្វើ​ដោយ​លិខិតយថាភូត​ ពីព្រោះ​តាម​មាត្រា៣៣៦​ កថាខណ្ឌ២បាន​ចែងថា​ កិច្​ចសន្យា​ដែល​ភាគី​ម្ខាង​ទទួល​ករណី​កិច្ច​ ធ្វើ​អនុប្បទាន​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ ឬករណី​កិច្ច​ធ្វើ​លទ្ធកម្ម​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ និង​មាន​អានុភាព​ លុះត្រាតែ​បាន​ធ្វើ​លិខិតយថាភូត​។

ដូចនេះ​កិច្ចសន្យា​ទិញ​ លក់​អចលវត្ថុ​ត្រូវតែ​ធ្វើតាម​លិខិតយថាភូត​ បើមិនដូច្នោះទេ​ កិច្ចសន្យា​នោះ​ និង​ត្រូវ​ទុកជាមោឃៈ​ ព្រោះ​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា៣៣៦​ គឺជា​បញ្ញត្តិ​ដែល​អនុវត្ត​ដោយបង្ខំ​។ តាម​មាត្រា៣៥៧​ ប្រសិនបើ​សកម្មភាព​នេះ​បាន​ធ្វើ​ផ្ទុយ​ និង​បញ្ញត្តិ​ដែល​អនុវត្ត​ដោយ​បង្ខុំ​ត្រូវ​ទុកជាមោឃៈ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here