ដោយ ដូណាល់ លី
ភ្នំពេញៈ ប្រទេសចិនបានបន្តការទិញមាសដ៏ច្រើនកាលពីខែមុន ដែលចំនួនប្រមាណជិត១៦លានតោនដុំមាស ខណៈក្រុមអ្នកវិភាគនិយាយថា វាជាវិធានការសម្រាប់ត្រៀមខ្លួនទុកមុន ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីសង្រ្គាមពាណិជ្ជកម្ម។
យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារប្រជាជនចិនបានឲ្យដឹងថា បច្ចុប្បន្នមាសបម្រុងរបស់ប្រទេសចិន មានតម្លៃ៧៩,៨៣ពាន់លានដុល្លារ។ ធនាគារកណ្តាលចិន បានទិញមាសជិត៧៣,៨៦តោននៅឆ្នាំនេះ ដោយបានបង្កើនជាទុនបម្រុងរបស់ខ្លួន។ តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ឈានដល់តម្លៃខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ ២០១៨។
-->
ក្រុមអ្នកវិភាគបាននិយាយថា ការទិញមាសទុកដោយរដ្ឋាភិបាលក្រុងប៉េកាំង គឺដើម្បីពង្រីកទុនបម្រុងបរទេស ដែលមានទំហំទឹកប្រាក់ ៣,១ពាន់ពាន់លានដុល្លាររបស់ខ្លួនដែលធំជាងគេបំផុតក្នុងពិភពលោក ក្នុងការទាប់ទាល់ការធ្លាក់សេដ្ឋកិច្ចបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដំឡើងពន្ធគយលើទំនិញរបស់ចិន និងក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីខ្មៅដូចជា Huawei ជាដើម។
យោងតាមលោកស្រី Helen Lau អ្នកវិភាគប្រចាំក្រុមហ៊ុន Argonaut Securities បានឲ្យដឹងថា អាជ្ញាធរចិនកំពុងស្វែងរក «ការធ្វើពិពិធកម្ម» ដោយមិនពឹងផ្អែកលើទ្រព្យសកម្មជាសាច់ប្រាក់ដុល្លារ។
ខណៈសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិនបានកើនឡើងនៅឆ្នាំនេះ ប្រទេសកម្ពុជា និងសមាជិកអាស៊ាន +3 រួមទាំងប្រទេសចិន បានចាត់វិធានការដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរពីការពឹងផ្អែកលើសាច់ប្រាក់ដុល្លារ។
ជាក់ស្តែង ប្រាក់ដុល្លារអាមេរិក នៅតែជារូបិយប័ណ្ណបម្រុងសម្រាប់ពិភពលោក។ ប្រាក់ដុល្លារអាមេរិក មានចំនួន ៦៣ ភាគរយនៃទុនបំរុងពិភពលោក ខណៈប្រាក់អឺរ៉ូមានចំនួន២០ភាគរយ។ រូបិយប័ណ្ណអាស៊ីដូចជាប្រាក់យ៉េនមានចំនួន៥ភាគរយ និងប្រាក់យ័នចិនមានតែ២ភាគរយ៕