ដោយ វុត្ថា
ស្ទឹងត្រែងៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសម្ពោធបើកដំណើរការមជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង ដែលធ្លាប់ជាខេត្តស្ថិតនៅឆ្ងាយដាច់ស្រយាល នាប៉ែកឦសាននៃប្រទេសកម្ពុជា។

-->
នៅក្នុងពិធីសម្ពោធបើកដំណើរការនូវ មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩នេះ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានប្រសាសន៍ថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារថ្មីនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យបានកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ឱ្យទទួលបានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលកាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកន្ថែមថា “មជ្ឈមណ្ឌលការងារដែលត្រូវ បើកសម្ពោធដំណើរការនាពេលនេះ នឹងដើរតួនាទីជាច្រកចេញ-ចូលតែមួយ ក្នុងការផ្តល់សេវាជួយស្វែងរកការងារ និងផ្តល់ព័ត៌មានអំពីឱកាស ការងារដោយងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង”។ លោកបន្ថែមថា “មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ការគាំទ្រនិងការទទួលបានការជួយផ្គូផ្គងអ្នកស្វែងរកការងារតាមតម្រូវការ ក៏ដូចជា ការរីកចម្រើនផ្នែកអាជីវកម្ម និងធុរកិច្ចគ្រប់វិស័យនៅក្នុងខេត្តទាំងមូល។ លើសពីនេះ តាមរយៈមជ្ឈមណ្ឌលការងារនេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ក៏អាចធ្វើការផ្សព្វផ្សាយរាល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងទូលំទូលាយ”។
បច្ចុប្បន្ន NEA បានខិតខំប្រឹងប្រែងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈបង្កើតមជ្ឈមណ្ឌលការងារ បានកើនឡើងដល់ចំនួន១៣កន្លែងនៅទូទាំងប្រទេស និងមជ្ឈមណ្ឌលការងារចល័តចំនួន១កំពុងរង់ចាំផ្តល់ និងនាំយកសេវាការងារទៅដល់គ្រប់ច្រកល្ហកយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ។
នាពេលកន្លងមក ក្នុងការខិតខំប្រឹងប្រែងបែងចែកឱកាសការងារ ដែលបង្កើតឡើងដោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ ព្រមទាំងជួយផ្គូផ្គងកាន់តែងាយស្រួល និងជាប្រព័ន្ធរវាងអ្នកស្វែងរកការងារ ទៅនឹងព័ត៌មានជ្រើសរើសកម្លាំងពលកម្មនានា រាជរដ្ឋាភិបាលបានរៀបចំបង្កើតឡើងនូវទីភ្នាក់ងារជាតិមុខរបរ និងការងារនៅឆ្នាំ ២០០៩ ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារតាមរយៈមជ្ឈមណ្ឌលការងារ មជ្ឈមណ្ឌលការងារចល័ត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយមានគេហទំព័រឈ្មោះ «www.nea.gov.kh», កម្មវិធីស្វែងរកការងារតាមទូរស័ព្ទដៃឈ្មោះ «NEA JOB SEARCH» រួមទាំងតាមបណ្តាញសង្គមដូចជា Facebook (NEAKhmer) និង Youtube ជាដើម៕