ចំណេះដឹង​! តើ​សុពលភាព​នៃ​កិច្ចសន្យា​មាន​លក្ខ​ណ្ឌ​អ្វីខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ កិច្ចសន្យា​ដែល​ចាត់ទុកថា​ត្រឹមត្រូវ​តាម​គតិ​ច្បាប់​ លុះត្រាតែ​ភាគី​ទាំងសងខាង​គោរព​នូវ​លក្ខខណ្ឌ​គ្រឹះ​ និង​លក្ខខណ្ឌ​ទម្រង់​នៅក្នុង​ដំណាក់កាល​ បង្កើត​កិច្ចសន្យា​នោះ​។

១) លក្ខខណ្ឌ​គ្រឹះ​

កិច្ចសន្យា​មាន​សុពលភាព​ នៅពេល​ដែល​គូភាគី​បាន​បំពេញ​លក្ខខណ្ឌ​ ដូចជា​ ការព្រមព្រៀង​ គឺជា​ឆន្ទៈ​របស់​គូភាគី​ក្នុង​ការបង្កើត​កិច្ចសន្យា​ ដោយពិត​ប្រាកដ​ និង​ដោយសេរី​គ្មាន​ការ​គំរាម​គំ​ហែង​ ឆបោក​ឬក្លែងបន្លំ​ពី​ភាគី​ណា​ឡើយ​។

សមត្ថភាព​ គឺជា​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នា​ក់ៗ​ ដែល​អាច​ក្លាយជា​ម្ចាស់​សិទ្ធិ​ និង​កាតព្វកិច្ច​ដែល​អាច​វិនិច្ឆ័យ​បាន​ អំពី​លទ្ធផល​នៃ​សកម្មភាព​របស់​ខ្លួន​ដែល​អាច​ធ្វើឲ្យ​ សកម្មភាព​របស់​ខ្លួន​មាន​អានុភាព​តាមផ្លូវ​ច្បាប់​។

កម្ម​វត្ថុៈ ​ជា​ខ្លឹមសារ​សំខាន់​នៃ​កិច្ចសន្យា​ ដែល​កម្មវត្ថុ​នោះ​ត្រូវតែ​ជាក់លាក់​ ​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬបំពេញ​បាន​និង​ស្របច្បាប់​ មិន​ប៉ះពាល់​ដល់​របៀបរៀបរយ​សាធារណៈ​ ឬទំនៀម​ទំ​លាប់​ល្អ​របស់​ប្រពៃណី​ ។ ការ​បង្ហាញ​ឆន្ទៈ​ដោយ​មិន​ពិតប្រាកដ​ និង​ដោយសេរី​ត្រូវ​វៀរចាក​នូវ​វិការៈ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ដូចជា​៖ ការ​ភ័ន្តច្រឡំ​ ការ​ឆបោក​ ការ​គំរាមកំហែង​ ការ​បង្ហាញ​ការ​មិន​ពិត​ ឬការ​កេង​ចំណេញ​ហួសហេតុ​។

អ្នកបង្ហាញ​ឆន្ទៈ​អាច​លុបចោល​កិច្ចសន្យា​បាន​ដោយហេតុថា​ មានការ​បង្ហាញ​ឆន្ទៈ​នោះ​មាន​វិការៈ​ ក្នុងករណី​ដូច​ខាងក្រោម​៖ ​ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ភ័ន្តច្រឡំ​។ ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ឆបោក​ ឬការ​គំរាម កំហែង​ ឬការ​បង្ហាញ​ការ​មិន​ ពិត​របស់​ភាគី​ម្ខាងទៀត​ ។ ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អំពើ​ឆ្លៀត​ឪកាស​ដោយមាន​គោលបំណង​កេង​ចំណេញ​ហួសហេតុ​។

២) លក្ខខណ្ឌ​ទម្រង់

កិច្ចសន្យា​មាន​អានុភាព​ទៅ​បាន​លុះត្រាតែ​ មាន​ភាគី​នៃ​កិច្ចសន្យា​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ក្រោម​ទម្រង់​ជា​លិខិតយថាភូត​ ។ កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ទទួល​ករណី​កិច្ច​ធ្វើ​អនុប្បទាន​នូវ​កម្មសិទ្ធិ​អចលនវត្ថុ​ ឬករណី​កិច្ច​ធ្វើ​លទ្ធកម្ម​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​និង​មាន​អានុភាព​លុះត្រាតែ​បាន​ធ្វើ​លិខិតយថាភូត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here