ដោយៈ រ៉ា ណេត
ភ្នំពេញៈ នៅមានអាជីពមួយទៀត ដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកភាគច្រើន មិនទាន់ទាញយកលុយបាននៅឡើយ ខណៈផ្នែកដ៏សំខាន់នេះកំពុងត្រូវការធនធានមនុស្សកាន់តែច្រើន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឱ្យដឹងថា អាជីពមួយដែលក្រុមហ៊ុន ក្នុងស្រុកមិនទាន់អាចទាញយកផលប្រយោជន៍បាន គឺអាជីពគ្រប់គ្រងអចលនទ្រព្យ ឬការគ្រប់គ្រងអាគារនានា ដោយសារអាជីពនេះ មិនទាន់មានក្រុមហ៊ុនជំនាញធ្វើច្រើននោះទេ គឺមានតែក្រុមហ៊ុនអន្តរជាតិ ២-៣ ប៉ុណ្ណោះកំពុងធ្វើការងារនេះ និងទាញយកលុយបានច្រើនពីផ្នែកដ៏សំខាន់នេះ។
-->
លោកបានបន្តថា “នៅពេលមានអាគារខ្ពស់កាន់តែច្រើន នៅពេលមានគម្រោងវិនិយោគកាន់តែច្រើនបញ្ចប់ គឺគេត្រូវការអ្នកជំនាញគ្រប់គ្រងផ្នែកអចលនទ្រព្យ ហេតុនេះអ្នកចេះជំនាញនេះនឹងត្រូវប៉ាន់ និងរកលុយបានច្រើន”។ លោកបន្តថា “ដើម្បីអាចធ្វើការងារនេះបាន មានតែការសិក្សារៀនសូត្របន្ត រៀនយកជំនាញនេះ ហើយធ្វើការងារនេះ ជាការងារដែលរកប្រាក់បានច្រើន”។
លោកបណ្ឌិត គីម ហ៊ាងបានបន្តទៀតថា ដោយសារក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកភាគច្រើនមិនទាន់មានជំនាញលើការងារនេះ ខណៈដែលតម្រូវការនូវសេវាកម្មបែបនេះកើនឡើង ការបណ្តុះបណ្តាល ឬស្វែងរកការសិក្សាលើជំនាញនេះ ពិតជាមានសារៈសំខាន់ ព្រោះរយៈពេល៣ទៅ៥ឆ្នាំទៀត តម្រូវការសេវាកម្មបែបនេះនឹងកើនឡើងច្រើន ដោយសារចំនួនខុនដូ អាផាតម៉ិន និងអាគារពាណិជ្ជកម្មនានាជាច្រើនទៀតនឹងបញ្ចប់កាន់តែច្រើន។
ជាមួយគ្នានេះ លោកបានស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងអ្នកចង់ចាប់ផ្តើមអាជីពជាភ្នាក់ងារ អចលនទ្រព្យចាប់អារម្មណ៍លើផ្នែកនេះ និងសិក្សាជំនាញនេះដោយសារវាជាជំនាញថ្មី ដែលមានទីផ្សារការងារច្រើន និងជាឱកាសអាចរកប្រាក់បានច្រើន៕