ដោយ រ៉ាណេត
ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះ គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៤ នៅក្នុងរាជធានីភ្នំពេញ កំពុងតែដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបញ្ចៀសជំនន់នៃភាពកកស្ទះនៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនាល្ងាចថ្ងៃទី១១ មិថុនាកន្លងមកថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងតែព្យាយាមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួន៤ក្នុងពេលតែមួយ។ លោកបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៤ ដែលកំពុងដំណើរការសាងសង់នាពេលនេះ រួមមានដូចជា ទី១ ស្ពានអាកាសរង្វង់មូលចោមចៅដែលគ្រោងបញ្ចប់នៅឆ្ នាំ២០២២។
-->
ទី២ស្ពានអាកាសថ្មើជើង មុខមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប OLYMPIA អតីតរង្វង់មូលនាងគង្ហីង ដែលនឹងបើកដំណើរ ការប្រើប្រាស់សាកល្បងក្នុងពេលដ៏ខ្លីខាងមុខនេះ ទី៣ ស្ពានយោលខ្សែកាបដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់ទីក្រុងរណបដែលវិនិយោគដោយក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២ផងដែរ។ និងទី៤ ស្ពានអាកាសក្បាលថ្នល់ ដោយមានការកសាងផ្លូវក្រោមដីមួយខ្សែផងដែរ”។
លោកបានបញ្ជាក់ទៀតថា នៅមានគំរោងជាច្រើនទៀត ដែលស្ថិតក្នុងគំរោង និងកំពុងសិក្សានៅឡើយ ប៉ុន្តែយើងមិនទាន់អាចនិយាយបានជាផ្លូវការបាននៅឡើយទេ ដូចជាគំរោងសាងសង់ផ្លូវក្រោមដីចេញពីផ្សារទំនើបបុរីប៉េង ហួតមកកាន់ផ្លូវជាតិលេខ១ គំរោងសាងសង់ផ្លូវក្រោមដីក្រោមផ្លូវជាតិលេខ៥ នៅតំបន់អតីតឃ្លាំងសាំងសូគីម៉ិចជាដើម៕