ដោយ៖ រ៉ាណេត
ភ្នំពេញៈ ម៉ាឡេស៊ី ដែលជាប្រទេសមួយធ្លាប់មានភាពលេចធ្លោ កាលពីអំឡុងឆ្នាំ២០០៦ ក្នុងនាមជាដៃគូវិយោគដោយផ្ទាល់ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ពេលនេះ ប្រទេសនេះបានបង្ហាញពីមហិច្ឆិតារបស់ខ្លួនសាជាថ្មី ក្នុងការឈានជើងឈរនៅលំដាប់កំពូលលើវិស័យពាណិជ្ជកម្មនៅកម្ពុជា។

-->
ថ្លែងនៅក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានកោតសរសើរពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ លោកបានបន្តទៀតថា ក្នុងនាមជាតំណាងប្រទេសម៉ាស៊ី លោកមានបំណងជម្រុញឱ្យបណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ីចូលមកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនក្នុងនាមជាប្រទេសសមាជិកអាស៊ាន។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះមានក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួនបាន និងកំពុងដំណើរការវិនិយោគដោយផ្ទាល់នៅកម្ពុជា ដែលក្នុងនោះរួមមានដូចជា វិស័យសំណង់ ទេសចរណ៍ ផ្នែកចំណីអាហារ និងសុខាភិបាល ការអប់រំ និងវិស័យឌីជីថលជាដើម។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការតាំងចិត្តសាជាថ្មីម្ដងទៀត ក្នុងការរៀបចំផែនការ ដើម្បីធ្វើឱ្យបណ្តាក្រុមហ៊ុនគ្រប់វិស័យរបស់ម៉ាឡេស៊ី ចូលមកកាន់កម្ពុជាក្នុងនាមជាដៃគូពាណិជ្ជកម្មយូរអង្វែងផងដែរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានសាទរទៅនឹងគោលបំណងខាងលើនេះ ដោយលោកបានលើកទឹកចិត្តបន្ថែម និងជួយសម្រួលផ្នែកលក្ខខណ្ឌច្បាប់ពាក់ព័ន្ធមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគភាពជាដៃគូ ។
លោកបានបន្តទៀតថា កម្ពុជា និងម៉ាឡេស៊ីមានចំណងការទូត និងកិច្ចសហប្រតិបត្តិការជាយូឡុងណាស់មកហើយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាននៅលើឆាកអន្តរជាតិ ហើយក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគក៏ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរផងដែរ។ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រព្រឹត្តិកម្មស្មើភាពគ្នាចំពោះបណ្តាក្រុមហ៊ុននានាដែលចូលមកវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា បានដាក់ចេញនៅកញ្ចប់កំណែទម្រង់គ្រប់វិស័យ ដើម្បីទាក់ទាញការវិនិយោគ សម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងនៅកម្ពុជា។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្របដណ្ដប់លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ រួមទាំងលើក្របខណ្ឌគតិយុត្ត និងបច្ចេកទេស។ ទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការដោះស្រាយបញ្ហាដែលជាឧបសគ្គដល់ធុរកិច្ចវិនិយោគ និងពាណិជ្ជកម្មផងដែរ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាពន្ធគយ និងពន្ធដារ។ បន្ថែមពីនេះ ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នានាពេលឆាប់ៗខាងមុខនេះ៕