ដោយ ម៉ាណេត
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានជំរុញ MEDEF ដែលជាសមគមធុរកិច្ចធំមួយរបស់ប្រទេសបារាំងដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងរវាងកម្ពុជា-បារាំង ខណៈ MEDEF មានគោលសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។
គោលដៅនៃការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងលោក François CORBIN ប្រធានគណៈកម្មាធិការអាស៊ាននៃស្ថាប័ន MEDEF អន្តរជាតិ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ។
-->
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia នារសៀលថ្ងៃទី១១ មិថុនាកន្លងមកថា ក្នុងជំនួបប្រជុំជាមួយនឹង MEDEF ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រោះMEDEF ជាមួយសមាគមធុរកុច្ចមួយ នៅបារាំងដែលមានក្រុមហ៊ុនទាំងតូច និងធំចំនួនជាង៧ពាន់ក្រុមហ៊ុន។
លោកបានបន្តថា “គាត់ (MEDEF) មកក្នុងគោលបំណង ដើម្បីជំរុញពាណិជ្ជកម្ម និងធុរកិច្ចរវាងសភាពាណិជ្ជកម្ម និងបារាំងឲ្យកាន់តែធំ និងច្រើនជាងមុន”។
ជាមួយគ្នានេះផងដែរ MEDEF បានសើ្នសុំឲ្យសភាពាណិជ្ជកម្មរៀបចំគណៈប្រតិភូដើម្បីធ្វើទស្សនកិច្ចទៅប្រទេសបារាំង។
លោកឧកញ៉ាលឹម ហេងបានបន្ថែមថា “យើងនឹងស្វែងរកពេលវេលាសមរម្យក្នុងការរៀបចំគណៈប្រតិភូ ដើម្បីធ្វើការពិភាក្សាអំពីការជំរុញពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ”។
ក្នុងជំនួបពិភាក្សានេះ លោក François CORBIN មានប្រសាសន៍ចាប់អាម្មរណ៍ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនរឹងមាំក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ។ លោកបង្ហាញពីឆន្ទៈក្នុងការធ្វើសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា-បារាំង និងបានស្នើសុំយោបល់ពីអ្នកឧកញ៉ា គិត ម៉េង ទាក់ទិននិងវិស័យសក្តានុពល ដែលវិនិយោគិនបារាំងគួរផ្តោតការយកចិត្តទុកដាក់។
អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់លោក François CORBIN ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយអ្នកឧកញ៉ាបានលើកទឹកចិត្តឲ្យធុរជនបារាំងវិនិយោគលើវិស័យនានា ដែលបារាំងមានលក្ខណៈពិសេស រួមមានដូចជាវិស័យម្ហូបអាហារ និងអាកាសចរណ៍ជាដើម។
ដោយឡែកអ្នកឧកញ៉ា បានស្នើដល់ លោក François CORBIN ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាន MEDEF អន្តរជាតិ ជួយជំរុញឲ្យមានការហោះហើរកាន់តែច្រើនឡើងថែមទៀតពីកម្ពុជាទៅបារាំង ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម។
សភាពាណិជ្ជកម្មកម្ពុជា និង MEDEF នឹងសហការរៀបចំវេទិកាធុរកិច្ចរួមគ្នា ព្រមទាំងរៀបចំឲ្យមានទស្សនកិច្ចធុរកិច្ចទៅវិញញទៅមករវាងកម្ពុជា និងបារំាងផងដែរ។
តាមរយៈគោលនយោបាយគាំទ្រធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបារាំងបានឈានទៅដល់ជាង១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនឡើង ៩,២%ធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧៕