ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របទៅនឹងគម្រោងការរបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យកាន់តែល្អប្រសើរ អាជ្ញាធរអគ្គិសនីកម្ពុជា EDC បានចុះហត្ថលេខាព្រមព្រៀងក្នុងការចាប់ផ្តើមសាងសង់ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះ ក្នុងមានលទ្ធភាពផលិតបាន៤០០មេហ្គាវ៉ាត ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
នៅក្នុងកិច្ចព្រមព្រៀងចាប់ផ្តើមដំណើរការសាងសង់ រោងចក្រផលិតងថាមពលអគ្គិសនី ដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ បានសម្រេចផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនចិនចំនួន២ផ្សេងគ្នា ដែលក្នុងនោះរោងចក្រទី១ មានលទ្ធភាពផលិតបាន២០០មេហ្គាវ៉ាត់ នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation ។ រោងចក្រទី២ ដែលមានលទ្ធភាពផលិតបានថាមពល២០០មេហ្គាវ៉ាត់ដូចគ្នា នាំចូលមកពញប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។
-->
លោក កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១១ មិថុនាម្សិលម៉ិញនេះថា គម្រោងសាងសង់រោងចក្រអគ្គិសនី ដែលដើរដោយចំហេះនេះ មានអនុភាពផលិតបានថាមពលទំហំ ៤០០មេហ្គាវ៉ាត់ ដោយគ្រោងចំណាយថវិកាវិនិយោគប្រមាណ៣៨០លានដុល្លារអាមេរិក។ រោងចក្រនេះ គ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការផលិតថាមពលក្នុងរយៈពេល១០ខែ បន្ទាប់ពីកិច្ចព្រមព្រៀងសាងសង់ត្រូវបានចុះហេត្ថលេខារួចរាល់។
ការអភិវឌ្ឍន៍វិស័យអគ្គិសនីនាពេលបច្ចុប្បន្ន កម្ពុជាមានខ្សែបញ្ជូនសម្រាប់ការផ្គត់ផ្គង់នៅតាមភូមិបានចំនួន៨១ភាគរយនៅទូទាំងប្រទេស។ ចំណែកផ្ទះប្រជាជន ដែលបានតភ្ជាប់អគ្គិសនី បានកើនដល់ចំនួនជាង៦៨ភាគរយ និងមានផែនការបញ្ចុះថ្លៃអគ្គិសនីចាប់ពីឆ្នាំ ២០១៥-២០២០ ហើយនៅឆ្នាំ២០២០គ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេសនឹងមានខ្សែភ្លើងទៅដល់ ហើយ៧៥ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេស នឹងមានភ្ជាប់អគ្គិសនីប្រើប្រាស់៕