ដោយ ដូណាល់ លី
សៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ត្រូវតែទាញយកអត្ថប្រយោជន៍ពីបច្ចេកវិជ្ជាឌីជីថល ព្រោះវាកំពុងផ្លាស់ប្តូរសសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗពីវិស័យផលិតកម្មទៅជាវិស័យឧស្សាហកម្មបែបទំនើប។
សម្តេចអគ្គមហាសេនាបតីតេជោ បានថ្លែងក្នុងសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ASIA MEDIA SUMMIT 2019 ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាបថា “បច្ចេកវិទ្យា ឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យាឤណាឡូកប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកឤកាសវិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាពសំបូរបែប ក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោបាយដ៏សំបូរបែប”។
-->
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា “ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង សកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យានិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល”។
សម្តេចអគ្គមហាសេនាបតីតេជោ បានបន្ថែមថា “កម្ពុជាបាននិងកំពុងរៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក (Analog) ទៅឌីជីថល (Digital) ដែល គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ឌីជីថលក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ជៀសផលប៉ះញល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បី ដោះស្រាយបញ្ហាដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ”។
ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការទទួលយកបច្ចេកវិទ្យាបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាគឺមិនធ្លាប់មានពីមុនមកទេ។ ស្ទើរតែ ៨២ ភាគរយនៃប្រជាជនកម្ពុជាបច្ចុប្បន្នប្រើប្រាស់ Internet និងប្រហែល ៧ លាននាក់ប្រើប្រាស់ Facebook។
យោងតាមតួលេខរបស់រដ្ឋាភិបាល បានឲ្យដឹងថា ចំនួនអ្នកប្រើទូរស័ព្ទឆ្លាតវៃបានកើនពោលគឺកើនឡើងដល់ ១៩,៥ លានគ្រឿងគិតត្រឹមខែមករាឆ្នាំ ២០១៩។ លើសពីនេះទៅទៀត កម្ពុជាអាចក្លាយជាប្រទេសអាស៊ានទី ១ ដែលបានដាក់បញ្ចូលបច្ចេកវិទ្យា 5G ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ដើម្បីបំពាក់បច្ចេកវិទ្យា 5G នៅកម្ពុជា និងផ្តល់នូវសេវា 5G នៅឆ្នាំក្រោយ។
លោក Li Jin Ge ប្រធានក្រុមហ៊ុន Huawei នៃតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា “ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដំបូងគេនៅក្នុងអាស៊ានដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G”។ ខណៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាបានរីករាលដាលយ៉ាងខ្លាំង រដ្ឋាភិបាលនៅតែខ្វះខាតប្រព័ន្ធច្បាប់ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មតាម Internet ។
កម្ពុជាគឺជាប្រទេសចុងក្រោយគេនៅក្នុងតំបន់ដោយគ្មានក្របខ័ណ្ឌច្បាប់សម្រាប់ប្រតិបត្តិការអេឡិចត្រូនិច។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ឡុង គីមវិចិត្ត បានថ្លែងថា “យើងកំពុងរង់ចាំការអនុម័តដើម្បីបញ្ជូនសេចក្តីព្រៀងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចទៅរដ្ឋសភា។
យើងរំពឹងថាវានឹងត្រូវបញ្ចប់នៅឆ្នាំនេះ”។សេដ្ឋកិច្ចឌីជីថលអាស៊ានត្រូវបានគេរំពឹងថានឹងអាចមានទំហំទឹកប្រាក់ដល់ ២០០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយកម្ពុជាត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់តំបន់មេគង្គ។
ក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូនបានចូលរួមយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងការជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាចិនដើម្បីជួយមិនត្រឹមតែធ្វើសេចក្តីព្រៀងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភ័ស្តុភារ និងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។
រដ្ឋាភិបាលក៏កំពុងរៀបចំយុទ្ធសាស្រ្តផែនការនៃសេដ្ឋកិច្ចឌីជីថលដើម្បីបញ្ចូលការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលត្រឹមឆ្នាំ ២០២៣៕