ដោយ ម៉ាណេត
ភ្នំពេញៈ កំណើននៃការវិនិយោគក្នុងវិស័យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាមួយនឹងការពង្រីកទីផ្សារហិរញ្ញវត្ថុ ដែលឲ្យមានប្រកួតប្រជែងនៅក្នុងទីផ្សារនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចំរើនបន្ថែម ខណៈការប្រកួតប្រជែងនេះបាន និងកំពុងធ្វើឲ្យប្រជាជនពលរដ្ឋមានភាពងាយស្រួល ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។
លោកបណ្ឌិតប៊ុន មុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ មិថុនាកន្លងមកបានឲ្យដឹងថា វិស័យវត្ថុមានការរីកចំរើន ហើយការចូលមករបស់ចំណូលថ្មី នឹងចូលរួមបន្ថែមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
-->
លោកបានឲ្យដឹងថា “វារឿងល្អមួយសម្រាប់អ្នកវិនិយោគទុន ចូលមកនៅក្នុងប្រទេសជាតិរបស់យើងធ្វើឲ្យមានការរីកចំរើន និងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយចំពោះការចូលមករបស់អ្នកចំណូលថ្មី ដូចជាមកពី តៃវ៉ាន់ និងកូរ៉េ ជារឿងមួយសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាយើង”។លោកបន្តថា “ទោះបីជាយើងឃើញមានការប្រកួតប្រជែងកាន់តែខ្លាំងដែលជារឿងមួយ ចូលដល់ក្នុងរបត់មួយជាមួយការផ្លាស់ប្តូរ ដែលយើងគិតថា ទីផ្សារស្រុកខ្មែរយើងមានការអភិវឌ្ឍន៍មកដល់ចំណុចនេះ ហើយប្រជាពលរដ្ឋយើងមានជម្រើសច្រើនក្នុងជ្រើសរើសយកធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការខ្ចីលុយ និងធ្វើការរកស៊ីជាមួយគ្នា”។
លោកបណ្ឌិតបានបន្ថែមថា ប្រជាពលរដ្ឋអាចមានជម្រើសច្រើន ហើយកត្តាមួយដែលល្អគឺថា បើទោះបីមានអ្នកប្រកួតប្រជែងច្រើន ប៉ុន្តែវានឹងមានការផ្លាស់ប្តូរ សេដ្ឋកិច្ចយើងនឹងមានការវិវត្តន៍ឈានឡើងបន្តបន្ទាប់ទៀត។
លោកឲ្យដឹងទៀតថា “ទោះជាយ៉ាងណានៅតែមានការភន់ច្រឡំថា ពីមុនអត់ការជំពាក់លុយគេ ប៉ុន្តែសព្វថ្ងៃយើងជំពាក់លុយគេ។ សួរថាតើការជំពាក់លុយមានន័យថាយ៉ាងម៉េច? ខ្ញុំចង់ប្រាប់ថា ធនគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមើលពីស្ថានភាពអ្នកខ្ចីខ្លាំងណាស់ ដូច្នេះវាមិនមានហានិភ័យអីនោះទេ វាលែងតែហានិភ័យកើតឡើងជាយថាហេតុ ហើយប្រាក់កម្ចីទាំងអស់នោះឯងដែលធ្វើឲ្យមានជីវភាពផ្លាស់ប្តូរ”។
ក្រុមហ៊ុនហិរញ្ញវត្ថុធំៗមកពីកូរ៉េខាងត្បូង តៃវ៉ាន់ ចិន កាណាដា និងបារាំងជាដើម បាន និងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ;; យើងនឹងបន្តបើកសាខាជាច្រើនទៀត ដើម្បីបង្កើនមូលដ្ឋានអតិថិជនរបស់យើង និងបម្រើសេវាជូនដល់អតិថិជនកាន់តែច្រើនថែមទៀត។
លោកបន្ថែមថា “យើងមានផែនការបោះទីតាំងក្នុងខេត្តថ្មីៗចំនួនពីរទៀត ព្រមទាំងពង្រឹងតំណែងរបស់យើង នៅតាមតំបន់ដែលយើងមានប្រតិបត្តិ ការប្រកបដោយភាពជោគជ័យរួចហើយ”។
លោក Shin Chang Moo ប្រធានក្រុមហ៊ុន PPCBank បានមានប្រសាសន៍ថា “សក្ដានុពលនៃវិស័យធនាគារ និងសេដ្ឋកិច្ចរបស់កម្ពុជា គឺមានភាពទាក់ទាញចំពោះក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ”។លោកបន្តថា “កម្ពុជានៅមានកន្លែងជាច្រើន ដើម្បីរីកចម្រើននៅក្នុងវិស័យនេះ ហើយក្រុមហ៊ុនកូរ៉េមិនចាំបាច់ប្រកួតប្រជែង ជាមួយធនាគារផ្សេងទៀតទេ”។
លោកបន្ថែមថា “យើងអាចចូលរួមក្នុងទីផ្សារដើម្បីរីកលូតលាស់ទាំងអស់គ្នា”។
ក្រុមហ៊ុន JB Financial Group Co Ltd មានមូលដ្ឋាននៅទីខេត្ត Jeonju ប្រទេសកូរ៉េខាងត្បូង និងជាខេត្តតូចមួយនៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។
លោក Shin Chang Moo បានឱ្យដឹងថា ក្រុមហ៊ុនបានបង្កើតវត្តមាននៅកម្ពុជា ដោយសារគ្មានឱកាសក្នុងពង្រីកខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសខ្លួន ដែលមានអ្នកប្រកួតប្រជែងច្រើននៅទីនោះ។លោកពន្យល់ថា ក្រុមហ៊ុន JB Financial Group មានមូលដ្ឋានទីតាំតូចបំផុងមួយនៅក្នុងប្រទេសកូរ៉េ។ ពួកគេគឺតូចជាងដៃគូប្រកួតប្រជែងរបស់ពួកគេ ដូច្នេះពួកគេចង់ស្វែងរកលទ្ធភាពពង្រីកទីផ្សារថ្មី។
ទំហំឥណទានលក្ខណៈបុគ្គល បានកើនឡើងដល់៦.៧០ពាន់ដុលា្លរកើនឡើង៧.៤៥ ភាគរយក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ ប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា។
ការស្នើសុំឥណទានលក្ខណៈបុគ្គល បានបង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទាន ក្នុងលក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ៕