នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រីតាំង ហួរ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះមានមនុស្សជាច្រើន បានងាកមកចាប់អារម្មណ៍ជាមួយនឹងវិស័យអចលនទ្រព្យ ជាពិសេសការទិញដីទុកលក់បន្តយកចំណេញ មិនថាតែចំពោះប្រភេទដីឡូតិ៍ ប្រភេទដីភូមិ ស្ទើរគ្រប់សណ្ឋាន។ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះក៏ជោគជ័យដូចការគ្រោងទុក ហើយអ្នកខ្លះទៀតក៏បរាជ័យ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ដែលមានបទពិសោធន៍ខ្ពស់ក្នុងការទិញ លក់ និងជួលអ្នកចលនទ្រព្យគ្រប់ប្រភេទបានប្រាប់ឱ្យដឹងថា ការទិញ-លក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងអាចលក់ដាច់បានឆាប់រហ័ស មិនមែនជារឿងងាយស្រួលនោះឡើយ ប្រសិនជាអ្នកគ្មានចំណេះដឹង និងជំនាញច្បាស់លាស់។
-->
;អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា មុនពេលទិញដី ឬរកដីសម្រាប់អតិថិជន យើងត្រូវសិក្សាលើចំណុចសំខាន់ៗមួយចំនួន ដើម្បីធ្វើជាបង្អែកកុំឱ្យជួបការខាតបង់។ លោកស្រីបានប្រាប់ឱ្យដឹងទៀតថា ចំណុចទាំងអស់នោះរួមមាន ទី១ ត្រូវសិក្សាពីចំណង់ចំណូលចិត្តរបស់ភ្ញៀវ ថាតើភ្ញៀវត្រូវការដីបែបណា? ទី២ ត្រូវសិក្សាពីមូលធនរបស់ភ្ញៀវថាមានទឹកប្រាក់ប៉ុន្មានពិតប្រាកដ ទី៣ តើភ្ញៀវត្រូវការដីប្រភេទណា ជាដីសាងសង់លំនៅដ្ឋាន ដីសម្រាប់សាងសង់ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម? ទី៤ ត្រូវរកភាពជាអ្នកតំណាង ឬធ្វើជាតំណាងអ្នកទិញឬលក់ផ្តាច់មុខជូនអតិថិជន ឬអ្នកទិញ។
លោកស្រីតាំង ហួរ បានបន្ថែមថា តាមធម្មតាអ្នកទិញតែងតែចង់បានអចលនទ្រព្យ ឬទំនិញមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែទោះជាយ៉ាងណាយើង ដែលជាអ្នកទិញក៏ត្រូវមានជំនាញក្នុងការនិយាយអន្ទងចិត្តម្ចាស់អចលនទ្រព្យ ឬម្ចាស់ដីឱ្យគាំទ្រនូវការចរចារបស់យើងដែរ។ លោកស្រីបន្តថា ពេលខ្លះយើងធ្វើជាអ្នកលក់ ឬភ្នាក់ងារអចលនវត្ថុ ត្រូវមានចិត្តធ្ងន់ និងអត់ធ្មត់ដូចព្រះអញ្ចឹង ហើយធ្វើសំខាន់ដើម្បីធ្វើការងារឲ្យបានជោគជ័យ យើងក៏ត្រូវមានការរៀបចំឯកសារលិខិតស្នាមជាច្រើន ដើម្បីចងចិត្តម្ចាស់ដីឬម្ចាស់អចលនទ្រព្យនានាជាមុន ដើម្បីកុំឲ្យពួកគេផ្លាស់ប្តូរចិត្តត្រលប់ជាមិនលក់វិញ។
លោកស្រីបានបន្តថា “ម្ចាស់អចលនទ្រព្យមួយចំនួនតូច ងាយប្រែក្រឡាស់ណាស់ ដូច្នេះបើយើងដឹងច្បាស់ថា ដីដែលយើងចង់ទិញនោះមានស្ថានភាពល្អ និងមានតម្លៃទាបជាងទីផ្សារ ដែលអាចមានឱកាសចំណេញបានច្រើន នៅពេលលក់ចេញវិញ គឺត្រូវតែមានការសម្រេចចិត្តភ្លាមៗ ជៀសវាងបង្អូសពេលវេលានាំឱ្យច្បាស់ដី មានភាពធុញទ្រាន់ ហើយផ្អាកការលក់វិញ”៕