ខ្លី​ៗសម្រាប់​អ្នក​ចង់​ទិញ​ដី​ទុក​លក់​បន្ត​យកចំណេញ​

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​មាន​មនុស្សជា​ច្រើន​ បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ការទិញ​ដី​ទុក​លក់​បន្ត​យកចំណេញ​ មិនថា​តែ​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍​ ប្រភេទ​ដី​ភូមិ​ ស្ទើរគ្រប់​សណ្ឋាន​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំងនោះ​ អ្នកខ្លះ​ក៏​ជោគជ័យ​ដូច​ការ​គ្រោងទុក​ ហើយ​អ្នកខ្លះ​ទៀត​ក៏​បរាជ័យ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការទិញ​ លក់​ និង​ជួល​អ្នក​ចលនទ្រព្យ​គ្រប់​ប្រភេទ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​-លក់​អចលនទ្រព្យ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​អាច​លក់ដាច់​បាន​ឆាប់រហ័ស​ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ ប្រសិនជា​អ្នក​គ្មាន​ចំណេះដឹង​ និង​ជំនាញ​ច្បាស់លាស់​។

​;អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ មុន​ពេល​ទិញ​ដី​ ឬរក​ដី​សម្រាប់​អតិថិជន​ យើង​ត្រូវ​សិក្សា​លើ​ចំណុច​សំ​ខាន់​ៗមួយចំនួន​ ដើម្បី​ធ្វើជា​បង្អែក​កុំឱ្យ​ជួប​ការខាតបង់​។ លោកស្រី​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ចំណុច​ទាំងអស់​នោះ​រួមមាន​ ទី១​ ត្រូវ​សិក្សា​ពី​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ ថា​តើ​ភ្ញៀវ​ត្រូវការ​ដី​បែប​ណា​? ទី២​ ត្រូវ​សិក្សា​ពី​មូលធន​របស់​ភ្ញៀវ​ថា​មាន​ទឹកប្រាក់​ប៉ុន្មាន​ពិតប្រាកដ​ ទី៣​ តើ​ភ្ញៀវ​ត្រូវការ​ដី​ប្រភេទ​ណា​ ជា​ដី​សាងសង់​លំនៅ​ដ្ឋាន​ ដី​សម្រាប់​សាងសង់​ខុន​ដូ​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​? ទី៤​ ត្រូវ​រក​ភាពជា​អ្នកតំណាង​ ឬធ្វើជា​តំណាង​អ្នកទិញ​ឬលក់​ផ្តាច់​មុខ​ជូន​អតិថិជន​ ឬអ្នកទិញ​។

លោកស្រី​តាំង​ ហួរ​ បាន​បន្ថែម​ថា​ តាមធម្មតា​អ្នកទិញ​តែងតែ​ចង់បាន​អចលនទ្រព្យ​ ឬទំនិញ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ប៉ុន្តែ​ទោះជាយ៉ាងណា​យើង​ ដែល​ជា​អ្នកទិញ​ក៏​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​និយាយ​អន្ទងចិត្ត​ម្ចាស់​អចលនទ្រព្យ​ ឬម្ចាស់ដី​ឱ្យ​គាំទ្រ​នូវ​ការចរចា​របស់​យើង​ដែរ​។ លោកស្រី​បន្ត​ថា​ ពេលខ្លះ​យើង​ធ្វើជា​អ្នកលក់​ ឬភ្នាក់ងារ​អចលនវត្ថុ​ ត្រូវ​មានចិត្ត​ធ្ងន់​ និង​អត់ធ្មត់​ដូច​ព្រះ​អញ្ចឹង​ ហើយ​ធ្វើ​សំខាន់​ដើម្បី​ធ្វើការងារ​ឲ្យបាន​ជោគជ័យ​ យើង​ក៏​ត្រូវ​មានការ​រៀបចំ​ឯកសារ​លិខិតស្នាម​ជាច្រើន​ ដើម្បី​ចងចិត្ត​ម្ចាស់ដី​ឬម្ចាស់​អចលនទ្រព្យ​នានា​ជាមុន​ ដើម្បីកុំឲ្យ​ពួកគេ​ផ្លាស់​ប្តូរ​ចិត្ត​ត្រលប់​ជា​មិន​លក់​វិញ​។

លោកស្រី​បាន​បន្ត​ថា​ “ម្ចាស់​អចលនទ្រព្យ​មួយចំនួន​តូច​ ងាយ​ប្រែក្រឡាស់​ណាស់​ ដូច្នេះ​បើ​យើង​ដឹង​ច្បាស់​ថា​ ដី​ដែល​យើង​ចង់​ទិញ​នោះ​មាន​ស្ថានភាព​ល្អ​ និង​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ដែល​អាច​មានឱកាស​ចំណេញ​បាន​ច្រើន​ នៅពេល​លក់​ចេញ​វិញ​ គឺ​ត្រូវតែ​មានការ​សម្រេច​ចិ​ត្ត​ភ្លាម​ៗ ជៀសវាង​បង្អូស​ពេលវេលា​នាំ​ឱ្យ​ច្បាស់​ដី​ មាន​ភាព​ធុញទ្រាន់​ ហើយ​ផ្អាក​ការ​លក់​វិញ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here