ដោយៈ រ៉ាណេត
កណ្តាលៈ រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទរបស់ក្រុមហ៊ុន អេស.ស៊ី ហ្វូដ មានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចាប់ផ្តើមសាងសង់។
បន្ទាប់ពីទទួលបានសិទ្ធិអនុញ្ញាត្ត តបតាមការស្នើសុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) និងឆ្លងកាត់កិច្ចពិភាក្សាស្ដីពី ផលប៉ះពាល់របស់អន្តរក្រសួង គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ ត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើកាពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) រួចរាល់ហើយ ក្រោមការសិក្សាលម្អិត និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី &អេ ខនសាល់ធេន។
-->
ជាមួយនឹងការទទួលបានកិច្ចគាំទ្រពីសំណាក់អន្តរក្រសួង ក្រុមហ៊ុន អេស ស៊ី ហ្វូដ ដែលវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្ករ និងនំគ្រប់ប្រភេទខាងលើនេះ ក៏ត្រូវតែគោរព និងអនុវត្តតាមគោលការណ៍៧ចំណុច ដូចជា ទី១. សូមគាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេស.ស៊ី ហ្វ៊ូដ ។
ទី២.ក្រុមហ៊ុនត្រូវគ្រប់ គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប៉ះពាល់ដល់ប្រឡាយទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ទី៣. ក្រុមហ៊ុនត្រូវគ្រប់គ្រងប្រេងខ្លាញ់ដែលប្រើប្រាស់រួច ត្រូវសហការជាមួយក្រុមហ៊ុនប្រមូលទិញត្រឹមត្រូវ ។
ទី៤.ក្រុមហ៊ុនត្រូវរៀបចំធុងសំរាមសម្រាប់អាជីករលក់ដូរមុខរោងចក្រ និងក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមន្ទីរបរិស្ថានអប់រំដល់អាជីករលក់ដូរអំពីការគ្រប់គ្រង់សំរាម។
ទី៥.ក្រុមហ៊ុនត្រូវមានជម្រើសទីតាំងឡចំហាយនៅទីកន្លែងសុវត្ថិភាព ឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ។
ទី៦.លើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក (ម្សៅដំឡូងមី ស្ករស ប្រេងដូង ជាដើម) និងទី៧. ក្រុមហ៊ុនត្រូវទទួលយកមតិយោបល់របស់អង្គប្រជុំដើម្បីបញ្ចូលមតិគ្រប់ភាគីពាក់ព័ន្ធ។ គម្រោងបង្កើតរោងចក្រ ផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ ស្ថិតលើផ្ទៃដីទំហំ ៦៥.១៤៩ ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕