លោក កាង សុទ្ធី អគ្គនាយកក្រុមហ៊ុន Century21 Land Station
ដោយ៖ រ៉ាណេត
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ ពិសេសអ្នកមានជំនាញផ្នែកដីធ្លី លោក កាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station បានលើកឡើងថា មុនបើកក្រុមហ៊ុនអចលនទ្រព្យ អ្នកត្រូវសិក្សាពីអ្នកទទួលជោគជ័យ និងអ្នកបរាជ័យជាមុនសិន ដើម្បីអាចឈរជើងក្នុងវិស័យនេះ។
លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសមួយ កាលពីថ្ងៃទី១៣ មិថុនាកន្លងមកថា ពាក្យថា CEO ដែលជាមុខតំណែងមួយដ៏ខ្ពង់ខ្ពស់ និងមានកិត្តិយសក្នុងនាមជានាយកគ្រប់គ្រង និងប្រតិបត្តិការនៅក្នុងក្រុមហ៊ុនទាំងស្រុង ប្រកបដោយភាពជោគជ័យ វាគឺជាក្ដីប្រាថ្នារបស់មនុស្សទូទៅ ជាពិសេសចំពោះដែលចូលប្រឡូកនៅក្នុងវិស័យជំនួញ ដែលពោរពេញទៅដោយភាពប្រកួតប្រជែងនៅលើទៅផ្សាររួម។ ប៉ុន្តែតត្រូវដឹងថា ក្រុមហ៊ុនអាចដំណើរការល្អ ឬក្ស័យធន គឺស្ថិតនៅក្រោមកណ្តាប់ដៃនៃការដឹកនាំរបស់ CEO តែម្នាក់គត់។
-->
លោកបានមានប្រសាសន៍ថា “មុនពេល និងក្រោយពេលបើកអាជីវកម្មអ្វីមួយ អ្វីត្រូវសិក្សាឱ្យលម្អិតគឺចំណុចបរាជ័យ និងភាពជោគជ័យរបស់អ្នកជំនួញ ដែលស្ថិតនៅក្នុងវិស័យរួមគ្នា”។ លោកបន្តទៀតថា “បើអ្នកចង់ធ្វើជំនួញនៅក្នុងវិស័យអចលនទ្រព្យ ក្រៅពីមានដើមទុនបម្រុង សម្រាប់ដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន អ្នកចាំបាច់ត្រូវតែសិក្សាទៅលើ២ចំណុចជាសំខាន់”។
លោក កាង សុធី បានបន្តទៀតថា “មុនពេលអ្នកចាប់ផ្តើមធ្វើជំនួញ អ្នកត្រូវតែសិក្សាឱ្យបានស៊ីជម្រៅទៅលើជនដែលជួបភាពបរាជ័យ តើហេតុអ្វីបានជាគេបរាជ័យ”។ លោកបន្តថា “នៅពេលដឹងច្បាស់ពីមូលហេតុដែលគេបរាជ័យ យើងត្រូវយកមកចង់ធ្វើជាក្បួនតម្រា ជៀសវាងការអនុវត្តដូចអ្នកបរាជ័យ”។
លោក កាង សុធី បានមានប្រសាសន៍បន្តទៀតថា ក្រោយពេលអ្នកចាប់ផ្តើមធ្វើជំនួញ អ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ ការសិក្សាលម្អិតទៅលើវិធីសាស្ត្រ ដែលអ្នកជោគជ័យគេអនុវត្ត។ លោកបន្តទៀតថា ក្រោយពេលបានដឹងពីវិធីសាស្ត្រល្អៗ ដែលត្រូវអនុវត្តដើម្បីទទួលបានភាពជោគជ័យ និងការរៀបចំផែនការក្នុងការគ្រប់គ្រង ក្នុងនាមជា CEO អ្នកក៏ត្រូវតែប្រកាន់ខ្ជាប់នូវគោលគំនិតស្មោះត្រង់។
លោកបន្តថា “ភាពស្មោះត្រង់ត្រូវធ្វើឡើងជាមួយសមាជិកជាបុគ្គលិក ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ស្មោះត្រង់ជាមួយអតិថិជន ជាពិសេសស្មោះត្រង់ជាក្រុមហ៊ុនដែលជាដៃគូសហការជាមួយគ្នា”។
លោកបានបញ្ជាក់ថា “ពាក្យថា CEO អាចមានន័យ២ គឺនៅពេលដែលអ្នកដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពជោគជ័យ នោះពាក្យ CEO នឹងប្រែថា នាយកប្រតិបត្តិនិងគ្រប់គ្រង (Chief Executive Officer) ។ ប៉ុន្តែបើអ្នកដឹកនាំក្រុមហ៊ុនឱ្យជួបភាពបរាជ័យ នោះពាក្យ CEO នឹងប្រែថា បិទសេដ្ឋកិច្ចទ្រព្យធនម្ចាស់ជំនួញ (Close Economic Owner) អ្នកត្រូវចាំទាំងពីរនេះពាក្យ៕