ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេលនិយាយពីទេសចរណ៍ គេមិនបានភ្លេចពីការគិតគូរដល់បរិស្ថានស្អាតនោះទេ ព្រោះសំរាមនិងកាកសំណល់កខ្វក់ ជាសត្រូវរបស់ទេសចរណ៍។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវចលនាប្រលងប្រណាំងពីទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ជាលទ្ឋផលនៃចលនាប្រលងប្រណាំងនេះ បានធ្វើឲ្យបញ្ហាបរិស្ថានមានភាពប្រសើរឡើង នៅតាមរាជធានី ខេត្តមួយចំនួន ប៉ុន្តែបញ្ហាសំរាម និងកាកសំណល់កខ្វក់នៅតែជាចំណោទ ដែលមិនទាន់អាចដោះស្រាយបានល្អប្រសើរនៅឡើយ។
-->

ជាមួយនឹងការបារម្ភពីបញ្ហានេះ និងចូលរួមក្នុងយុទ្ឋនាការទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ក្រុមហ៊ុនទេសចរណ៍ World Expressកាលពីពេលថ្មីៗនេះ បានដឹកនាំបុគ្គលិករបស់ខ្លួន ដើម្បីចូលរួមសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ នៅភូមិភាគឥសាន្ត ពិសេសចូលរួមលើកកំពស់បរិស្ថានតាមរយៈការដាំដើមឈើ និងសំអាតអនាម័យនៅក្នុងទីក្រុងស្ទឹងត្រែង។
អគ្គនាយកក្រុមហ៊ុន World Express លោកហូ វណ្ឌីបានថ្លែងឲ្យដឹងថា ការចូលរួមសំអាតបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះយើងតែងតែបានចូលរួមជាប្រចាំ ពិសេសការទៅកាន់ខេត្តស្ទឹងត្រែង លោកចង់ឲ្យបុគ្គលិករបស់លោក ចូលរួមសិក្សាស្វែងយល់ពីបញ្ហាបរិស្ថាន សិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាអនុវត្តន៍ការងារដោយផ្ទាល់ ដើម្បីធ្វើឲ្យសមត្ថភាពពួកគេកាន់តែមានការយល់ដឹងទូលំទូលាយក្នុងវិស័យនេះ។

លោកបន្តថា “នេះជាការប្រារពខួបលើកទី១៨ឆ្នាំរបស់ក្រុមហ៊ុន ហើយនេះ មិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនរបស់លោក និងគ្រួសារតែងតែចូលរួមលើកកំពស់បរិស្ថាន។
ជាមួយនឹងសកម្មភាពនេះ វាទាមទារឲ្យមានការចូលរួមទាំងអស់គ្នា មិនអាចធ្វើតែក្រសួងទេសចរណ៍ ឬក្រុមហ៊ុនមួយទទួលបានជោគជ័យនោះទេ។
លោកហូ វណ្ឌីដែលមានតួនាទីជាទីប្រឹក្សា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាផងដែរបានថ្លែងបន្តថា ការងារបរិស្ថានទាមទារឲ្យមានការចូលរួម ពីអាជ្ញាធរថ្នាក់កក្រោមជាតិឲ្យបានសកម្ម ហើយរដ្ឋាភិបាលគួរបង្កើតឲ្យមានគណកម្មការនៅតាមភូមិ ឃុំ ដើម្បីទទួលខុសត្រូវលើការងារនេះ ទើបការសំអាតបរិស្ថានបានស្អាត ដោយសារការងារនេះជាការងារទាំងអស់គ្នា។

ដោយទទួលស្គាល់បញ្ហាសំរាម និងកាកសំណល់កខ្វក់ជារឿងដែលត្រូវដោះស្រាយបន្ទាន់ កាលពីពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន សសហភាពសហព័ន្ឋយុវជនកម្ពុជា សហការជាមួយក្រុមហ៊ុនមួយចំនួនបានរៀបចំយុទ្ឋនាការមួយមានឈ្មោះថា “សំរាមមិនធ្លាក់ដល់ដី ទីក្រុងប្រពៃ។
ការដាក់ចេញគោលនយោបាយ ទំនងជាគ្មានប្រសិទ្ឋិភាពនោះទេ ប្រសិនជាគ្មានយន្តការអនុវត្តន៍ច្បាស់លាស់ និងមិនមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទេនោះ។
សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍លោកលូ ម៉េងបានថ្លែងថា សំរាមជាសត្រូវរបស់ទេសចរណ៍ ព្រោះភ្ញៀវទេសចរណ៍មកពីអឺរ៉ុប និងមកពីសាំងហ្កាពួរជាដើម ពួកគេខ្លាចសំរាម នៅពេលពួកគេឃើញសំរាមរាយប៉ាយនៅកម្ពុជា។
លោកបន្តថា “ដើម្បីលើកកំពស់បញ្ហានេះ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ព្រោះដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ចង់ឲ្យគេមកទស្សនាកម្ពុជាច្រើន ទាល់តែយើងខ្លួនឯងធ្វើឲ្យប្រទេសយើងស្អាតសិន យើងជាម្ចាស់ផ្ទះរួចរាល់សិន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងរិះគន់ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ដែលបានយកលុយពីប្រជាពលរដ្ឋហើយ តែមិនអាចប្រមូលសំរាមបានស្អាត។

លោកបានបញ្ជាក់ថា “ប្រសិនជាប្រជាពលរដ្ឋ មិនបង់ប្រាក់ឲ្យមិនបញ្ហានោះទេ ប៉ុន្តែប្រជាពលរដ្ឋបង់លុយឲ្យប្រចាំខែហើយ នៅតែយកសំរាមចេញមិនបាន។
រដ្ឋមន្ត្រីរូបនេះក៏បានសម្តែងការព្រួយបារម្ភ ពីបញ្ហាបរិស្ថាននៅទូទាំងប្រទេស ពិសេសតំបន់ឆ្នេរផងដែរ ដោយលោកអំពាវនាវឲ្យមានការចូលរួមពីក្រសួង ពាក់ព័ន្ឋ ទើបបញ្ហានេះអាចដោះស្រាយបាន៕