ទេសចរណ៍​ភ្ជាប់​នឹង​បរិស្ថាន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ទេសចរណ៍ គេ​មិនបាន​ភ្លេច​ពី​ការគិតគូរ​ដល់​បរិស្ថាន​ស្អាត​នោះទេ ព្រោះ​សំរាម​និង​កាកសំណល់​កខ្វក់ ជាស​ត្រូវ​របស់​ទេសច​រណ៍។

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ចលនា​ប្រលងប្រណាំង​ពី​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ជាល​ទ្ឋ​ផល​នៃ​ចលនា​ប្រលងប្រណាំង​នេះ បានធ្វើ​ឲ្យ​បញ្ហា​បរិស្ថាន​មាន​ភាពប្រសើរឡើង នៅតាម​រាជធានី ខេត្ត​មួយចំនួន ប៉ុន្តែ​បញ្ហា​សំរាម និង​កាកសំណល់​កខ្វក់​នៅតែ​ជា​ចំណោទ ដែល​មិនទាន់​អាច​ដោះស្រាយបាន​ល្អប្រសើរ​នៅឡើយ។

ជាមួយនឹង​ការបារម្ភ​ពី​បញ្ហា​នេះ និង​ចូលរួម​ក្នុង​យុ​ទ្ឋ​នា​ការ​ទីក្រុង​ស្អាត រមណី​យ​ដ្ឋា​ន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ក្រុមហ៊ុន​ទេសចរណ៍ World Expressកាលពីពេលថ្មីៗនេះ បាន​ដឹកនាំ​បុគ្គលិក​របស់ខ្លួន ដើម្បី​ចូលរួម​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ នៅ​ភូមិភាគ​ឥ​សាន្ត ពិសេស​ចូលរួម​លើក​កំពស់​បរិស្ថាន​តាមរយៈ​ការដាំ​ដើមឈើ និង​សំអាត​អនាម័យ​នៅក្នុង​ទីក្រុង​ស្ទឹងត្រែង។

អគ្គនាយក​ក្រុមហ៊ុន World Express លោក​ហូ វណ្ឌី​បាន​ថ្លែង​ឲ្យ​ដឹងថា ការចូលរួម​សំអាត​បរិស្ថាន​ជាការ​ងារ​របស់​យើងទាំងអស់គ្នា ហើយ​ការងារ​នេះ​យើង​តែងតែបាន​ចូលរួម​ជាប្រចាំ ពិសេស​ការ​ទៅកាន់​ខេត្តស្ទឹងត្រែង លោក​ចង់​ឲ្យ​បុគ្គលិក​របស់លោក ចូលរួម​សិក្សា​ស្វែងយល់​ពី​បញ្ហា​បរិស្ថាន សិក្សា​ពី​សក្តានុពល​របស់​ខេត្ត ក៏ដូចជា​អនុវត្តន៍​ការងារ​ដោយផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ពួកគេ​កាន់តែ​មានការ​យល់ដឹង​ទូលំទូលាយ​ក្នុង​វិស័យនេះ។

លោក​បន្តថា “នេះ​ជាការ​ប្រារ​ព​ខួប​លើក​ទី១៨ឆ្នាំ​របស់​ក្រុមហ៊ុន ហើយ​នេះ មិនមែនជា​លើក​ទី១ទេ ដែល​ក្រុមហ៊ុន​របស់លោក និង​គ្រួសារ​តែងតែ​ចូលរួម​លើក​កំពស់​បរិស្ថាន។

ជាមួយនឹង​សកម្មភាព​នេះ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា មិនអាច​ធ្វើ​តែ​ក្រសួងទេសចរណ៍ ឬ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ​នោះទេ។

លោក​ហូ វណ្ឌី​ដែលមាន​តួនាទី​ជាទី​ប្រឹក្សា សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ផងដែរ​បាន​ថ្លែងបន្តថា ការងារ​បរិស្ថាន​ទាមទារ​ឲ្យ​មានការ​ចូលរួម ពី​អាជ្ញាធរ​ថ្នាក់​ក​ក្រោម​ជាតិ​ឲ្យ​បាន​សកម្ម ហើយ​រដ្ឋាភិបាល​គួរ​បង្កើត​ឲ្យ​មាន​គណកម្មការ​នៅតាម​ភូមិ ឃុំ ដើម្បី​ទទួលខុសត្រូវ​លើ​ការងារ​នេះ ទើប​ការសំអាត​បរិស្ថាន​បាន​ស្អាត ដោយសារ​ការងារ​នេះ​ជា​ការងារ​ទាំងអស់គ្នា។

ដោយ​ទទួលស្គាល់​បញ្ហា​សំរាម និង​កាកសំណល់​កខ្វក់​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ កាលពីពេលថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងបរិស្ថាន ស​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​បានរៀបចំ​យុ​ទ្ឋ​នា​ការ​មួយ​មាន​ឈ្មោះថា “សំរាម​មិន​ធ្លាក់​ដល់​ដី ទីក្រុង​ប្រពៃ។

ការដាក់ចេញ​គោលនយោបាយ ទំនងជា​គ្មាន​ប្រ​សិទ្ឋិ​ភាព​នោះទេ ប្រសិនជា​គ្មាន​យន្តការ​អនុវត្តន៍​ច្បាស់លាស់ និង​មិនមាន​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទេនោះ។

សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​លោក​លូ ម៉េង​បាន​ថ្លែងថា សំរាម​ជាស​ត្រូវ​របស់​ទេសចរ​ណ៍ ព្រោះ​ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុប និង​មកពី​សាំង​ហ្កា​ពួរ​ជាដើម ពួកគេ​ខ្លាច​សំរាម នៅពេល​ពួកគេ​ឃើញ​សំរាម​រាយប៉ាយ​នៅ​កម្ពុជា។

លោក​បន្តថា “ដើម្បី​លើក​កំពស់​បញ្ហា​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍ ចង់​ឲ្យ​គេ​មក​ទស្សនា​កម្ពុជា​ច្រើន ទាល់តែ​យើង​ខ្លួនឯង​ធ្វើ​ឲ្យ​ប្រទេស​យើង​ស្អាត​សិន យើង​ជា​ម្ចាស់ផ្ទះ​រួចរាល់​សិន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែង​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី ដែល​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ​ហើយ តែ​មិនអាច​ប្រមូល​សំរាម​បាន​ស្អាត។

លោក​បាន​បញ្ជាក់ថា “ប្រសិនជា​ប្រជាពលរដ្ឋ មិន​បង់ប្រាក់​ឲ្យ​មិន​បញ្ហា​នោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​បង់លុយ​ឲ្យ​ប្រចាំខែ​ហើយ នៅតែ​យក​សំរាម​ចេញ​មិនបាន។

រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ ពី​បញ្ហា​បរិស្ថាន​នៅ​ទូទាំងប្រទេស ពិសេស​តំបន់ឆ្នេរ​ផងដែរ  ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ក្រសួង ពាក់​ព័​ន្ឋ ទើប​បញ្ហា​នេះ​អាច​ដោះស្រាយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here