តម្លៃ​ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ នឹង​បន្ត​កើនឡើង​ក្រោយពេល​ផ្លូវ​នេះ​ពង្រីក​រួច​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៣​ ឱ្យ​កាន់តែ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​នោះ​ បាន​ជំរុញឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅ​តាម​តំបន់​នេះ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ តម្លៃ​ដី​នឹង​បន្ត​កើនឡើង​ក្រោយពេល​ផ្លួវ​នេះ​ពង្រីក​រួច​។

បន្ទាប់់​ពី​ការ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ ដល់​តំបន់​បាយ​គូស​ជា​បួន​គន្លង​រថយន្ត​ និង​បន្ត​ដល់ទី​រួម​ខេត្តកំពត​បាន​ធ្វើឲ្យ​តម្លៃ​ដី​ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ឡើងថ្លៃ​រួច​ទៅ​ហើយ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​ឱ្យ​បណ្តា​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​នានា​ ទៅ​តាំងនៅ​តាម​តំបន់​ជាយក្រុង​ជាកំហិត​នៅ​ចុងឆ្នាំ២០២១ខាងមុខ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Imperial​ Realty​ ​លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹ​កថ្ងៃ​ទ១៤​ ខែមិថុនា​នេះ​ថា​ បច្ចុប្បន្ន​ស្ថានភាព​នៃ​តម្លៃ​ដីធ្លី​នៅ​លើ​កំណាត់ផ្លូវ​ជាតិ៣​ មាន​ភាពល្អ​ប្រសើរ​មិនចាញ់​តំបន់​ផ្លូវជាតិ១​ និង​ផ្លូវជាតិ​លេខ៤នោះ​ឡើយ​។ លោក​បន្ត​ថា​ ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ ដល់​ចំណុច​គីឡូម៉ែត្រ​ទី១០​ ស្ថានភាព​នៃ​តម្លៃ​ដីធ្លី​មាន​ភាពល្អ​ប្រសើរ​ ដែល​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ ចន្លោះ​ប្រមាណ២០០​ ទៅ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬនៅ​ទីតាំង​ខ្លះ​អាច​មានតម្លៃ​ថ្លៃជាង​ អាស្រ័យ​ទៅលើ​ស្ថានភាព​ និង​ទំហំដី​។

លោក​បន្ត​ថា​ ដោយឡែក​តម្លៃ​ដីធ្លី​ បើ​គិត​ចាប់ពី​គីឡូ​ទី១០ឡើង​ ទៅ​រហូតដល់​គីឡូម៉ែត្រ​ទី៧០​ តម្លៃ​ដី​អាច​មានការ​ប្រែប្រួល​មិន​ស្មើគ្នា​នោះ​ទេ​ ដែល​តំបន់​ខ្លះ​មានតម្លៃ៥០ដុល្លារ​ ហើយ​តំបន់​ខ្លះទៀត​មានតម្លៃ៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​នៅ​ជាប់​ផ្លូវជាតិ​)”។ លោក​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ​ នឹង​បន្ត​កើនឡើង​ទៀត​ ជាពិសេស​នៅពេល​ដែល​បណ្តា​រោងចក្រ​ សហ​គា្រ​សនា​នា​ចាប់ផ្តើម​រុះរើ​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​តាំងនៅ​តំបន់​ខាងលើ​នេះ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Town​ City​ Real​ Estate​ លោក​ វ៉ន​ ចាន់​ថន​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​កំណាត់ផ្លូវ​ជាតិ​លេខ៣​ ពិតជា​មានការ​កើនឡើង​ប្រាកដ​មែន​ ប៉ុន្តែ​មិន​កើនឡើង​គំហុក​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣មានការ​កើនឡើង​ ប៉ុន្តែ​មិន​កើនឡើង​គំហុក​នោះ​ទេ​។ ជាទូទៅ​តម្លៃ​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ៣​ មានការ​កើនឡើង​ក្នុងរង្វង់​ប្រមាណ១៥​-២០ភាគរយ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។

​លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ថ្ងៃខាងមុខ​នេះ​ នៅពេល​ដែល​មាន​បណ្តា​រោងចក្រ​ ឬ សហគ្រាស​នានា​ចាប់ផ្តើម​ទៅ​សាងសង់​នៅ​ទីនោះ​ វា​អាច​ជម្រុ​ញឱ្យ​តម្លៃ​ដី​កើនឡើង​បន្តិចទៀត​ ព្រោះ​នៅពេល​មា​នកំនើ​នប្រើ​ប្រាស់​ដីធ្លី​ នឹង​ជម្រុ​ញឱ្យ​តម្លៃ​កើន​ឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លោក​ចាន់​ថន​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ មិនយូរ​ទៀត​នោះ​ទេ​ តំបន់​ផ្លូវជាតិ​លេខ៣​ អាច​នឹង​ប្រែរូប​រាង​ស្ថានភាព​ដូចគ្នា​ទៅ​នឹង​តំបន់​ផ្លូវជាតិ​លេខ៤​ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ មានការ​កែ​លម្អ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេលមុន​ ងាយ​ស្រួល​ដល់​ការ​ដឹកជញ្ជូន​ ដែល​ជា​ជម្រើស​ដ៏​ល្អ​របស់​រោងចក្រ​នានា​ដែល​ទៅ​តាំងនៅ​ទីនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here