ដោយៈ រ៉ាណេត
ភ្នំពេញៈ ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ឱ្យកាន់តែធំទូលាយងាយស្រួលក្នុងការដឹកជញ្ជូន ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់នោះ បានជំរុញឱ្យតម្លៃដី និងអចលនទ្រព្យនៅតាមតំបន់នេះ មានកំណើនគួរឱ្យកត់សម្គាល់ ហើយអ្នកជំនាញក្នុងវិស័យនេះនៅតែមានសុទិដ្ឋិនិយមថា តម្លៃដីនឹងបន្តកើនឡើងក្រោយពេលផ្លួវនេះពង្រីករួច។
បន្ទាប់់ពីការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ចាប់ពីចំណុចរង្វង់មូលចោមចៅ ដល់តំបន់បាយគូសជាបួនគន្លងរថយន្ត និងបន្តដល់ទីរួមខេត្តកំពតបានធ្វើឲ្យតម្លៃដី នៅតាមបណ្តោយផ្លូវនេះឡើងថ្លៃរួចទៅហើយ ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចកំណត់ឱ្យបណ្តារោងចក្រ សហគ្រាស និងឃ្លាំងនានា ទៅតាំងនៅតាមតំបន់ជាយក្រុងជាកំហិតនៅចុងឆ្នាំ២០២១ខាងមុខ។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial Realty លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទ១៤ ខែមិថុនានេះថា បច្ចុប្បន្នស្ថានភាពនៃតម្លៃដីធ្លីនៅលើកំណាត់ផ្លូវជាតិ៣ មានភាពល្អប្រសើរមិនចាញ់តំបន់ផ្លូវជាតិ១ និងផ្លូវជាតិលេខ៤នោះឡើយ។ លោកបន្តថា ចាប់ពីចំណុចរង្វង់មូលចោមចៅ ដល់ចំណុចគីឡូម៉ែត្រទី១០ ស្ថានភាពនៃតម្លៃដីធ្លីមានភាពល្អប្រសើរ ដែលដីធ្លីនៅតំបន់នេះមានតម្លៃ ចន្លោះប្រមាណ២០០ ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬនៅទីតាំងខ្លះអាចមានតម្លៃថ្លៃជាង អាស្រ័យទៅលើស្ថានភាព និងទំហំដី។

លោកបន្តថា ដោយឡែកតម្លៃដីធ្លី បើគិតចាប់ពីគីឡូទី១០ឡើង ទៅរហូតដល់គីឡូម៉ែត្រទី៧០ តម្លៃដីអាចមានការប្រែប្រួលមិនស្មើគ្នានោះទេ ដែលតំបន់ខ្លះមានតម្លៃ៥០ដុល្លារ ហើយតំបន់ខ្លះទៀតមានតម្លៃ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ (ដីនៅជាប់ផ្លូវជាតិ)”។ លោកបានបន្តទៀតថា តម្លៃដីធ្លីនៅតំបន់ខាងលើនេះ នឹងបន្តកើនឡើងទៀត ជាពិសេសនៅពេលដែលបណ្តារោងចក្រ សហគា្រសនានាចាប់ផ្តើមរុះរើចេញពីរាជធានីភ្នំពេញ ទៅតាំងនៅតំបន់ខាងលើនេះ។
នាយកក្រុមហ៊ុនអចលនទ្រព្យ Town City Real Estate លោក វ៉ន ចាន់ថន បានទទួលស្គាល់ថា បច្ចុប្បន្ននេះតម្លៃដីដែលស្ថិតនៅតាមកំណាត់ផ្លូវជាតិលេខ៣ ពិតជាមានការកើនឡើងប្រាកដមែន ប៉ុន្តែមិនកើនឡើងគំហុកនោះទេ។ លោកបានបន្តទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៣មានការកើនឡើង ប៉ុន្តែមិនកើនឡើងគំហុកនោះទេ។ ជាទូទៅតម្លៃដីនៅតាមផ្លូវជាតិលេខ៣ មានការកើនឡើងក្នុងរង្វង់ប្រមាណ១៥-២០ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

លោកបានបន្តទៀតថា “នៅថ្ងៃខាងមុខនេះ នៅពេលដែលមានបណ្តារោងចក្រ ឬ សហគ្រាសនានាចាប់ផ្តើមទៅសាងសង់នៅទីនោះ វាអាចជម្រុញឱ្យតម្លៃដីកើនឡើងបន្តិចទៀត ព្រោះនៅពេលមានកំនើនប្រើប្រាស់ដីធ្លី នឹងជម្រុញឱ្យតម្លៃកើនឡើងដោយស្វ័យប្រវត្តិ”។
លោកចាន់ថនបានសម្តែងសុទិដ្ឋិនិយមថា មិនយូរទៀតនោះទេ តំបន់ផ្លូវជាតិលេខ៣ អាចនឹងប្រែរូបរាងស្ថានភាពដូចគ្នាទៅនឹងតំបន់ផ្លូវជាតិលេខ៤ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ មានការកែលម្អឱ្យមានភាពល្អប្រសើរជាងពេលមុន ងាយស្រួលដល់ការដឹកជញ្ជូន ដែលជាជម្រើសដ៏ល្អរបស់រោងចក្រនានាដែលទៅតាំងនៅទីនេះ៕