ដោយ ដូណាល់ លី
ភ្នំពេញៈ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនប្រេង និងឧស្ម័ននិងក្រុមហ៊ុនលក់រាយជាច្រើននៅអាមេរិក បានបង្កើតក្រុមសហព័ន្ធចម្រុះមួយ ដើម្បីទាមទារឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន។
ក្រុមហ៊ុនសាជីវកម្មជាង៦០០ បានចុះហត្ថលេខាលើលិខិតមួយជូនចំពោះលោកប្រធានាធិបតី Donald Trump កាលពីម្សិលមិញ ដោយទាមទារឲ្យបញ្ចប់ពន្ធគយរបស់អាមេរិកប្រឆាំងលើទំនិញរបស់ចិន ដែលនឹងនាំទៅរកការបាត់បង់ការងារនៅអាមេរិកជាង២ លានដុល្លារកន្លែង និងកាត់បន្ថយតម្លៃនៃផលិតផលក្នុងស្រុកសរុប របស់អាមេរិក១ភាគរយ។
-->
ក្រុមសហព័ន្ធចម្រុះនេះដែលមានឈ្មោះថា “ពន្ធនាំឲ្យប៉ះពាល់ដល់ជំនួញ” បានថ្លែងថា “យើងដឹងដោយផ្ទាល់ថាពន្ធបន្ថែម នឹងមានផលប៉ះពាល់យ៉ាងខ្លាំង និងមានផលអវិជ្ជមានយូរអង្វែងចំពោះពាណិជ្ជករអាមេរិក កសិករគ្រួសារ និងសេដ្ឋកិច្ចអាមេរិក”។
លិខិតនេះបានបញ្ជាក់ថា ពន្ធលើទំនិញចិនក៏បានដាក់ពន្ធបន្ថែមដល់ប្រជាពលរដ្ឋអាមេរិក ហើយនៅលើគេហទំព័ររបស់សហព័ន្ធបង្ហាញថា ជនជាតិអាមេរិកបានចំណាយលើពន្ធដោយប្រយោលជាង២៦ពាន់លានដុល្លារ ចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ដោយសារសង្គ្រាមពាណិជ្ជកម្ម។
ក្រុមសហព័ន្ធចម្រុះនេះបានឲ្យដឹងថា “ពន្ធនេះគឺជាពន្ធដែលជនជាតិអាមេរិកបង់។ ពន្ធទាំងនេះកំពុងត្រូវបានបង់ដោយកសិករ អ្នកលក់រាយ អ្នកផលិត ក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់អាមេរិក”។ ក្រុមនេះបានបន្តថា “យើងជំរុញឲ្យរដ្ឋបាលរបស់អ្នកត្រឡប់ទៅរកតុចរចាវិញ នៅពេលធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីរកដំណោះស្រាយដែលអាចអនុវត្តបានជាសកល។ សង្គ្រាមពាណិជ្ជកម្មមិនមានផលល្អ សម្រាប់ប្រទេសនោះទេ ហើយភាគីទាំងសងខាងនឹងមានការខាតបង់”។
កាលពីខែមុនលោក Trump បានបញ្ជាឲ្យដំឡើងពន្ធនាំចូលចំនួន២៥ភាគរយលើទំនិញចិន ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ហើយបានគំរាមបង្កើនពន្ធលើផលិតផលបន្ថែមទៀត ដែលមានតម្លៃរហូតដល់៣០០ពាន់លានដុល្លារ។ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Huawei ក៏ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក៏នឹងត្រូវខូចខាតផងដែរ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្ត។
យោងតាមរបាយការណ៍របស់មូលនិធិព័ត៌មានវិទ្យា និងការច្នៃប្រឌិតមួយបានឲ្យដឹងថា ក្រុមហ៊ុនអាមេរិកអាចបាត់បង់ប្រាក់ចំណូល រហូតដល់ទៅ ៥៦,៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ ដោយសារតែពន្ធគយ និងការហាមឃាត់ការនាំចេញបច្ចេកវិទ្យាទាក់ទងនឹងក្រុមហ៊ុន Huawei និងក្រុមហ៊ុនផ្សេងៗទៀត៕