ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Siemens Limited របស់អឺរ៉ុប ដែលមានសាខាប្រចាំនៅប្រទេសឹង្ហបុរី មានគម្រោងវិនិយោគបន្ថែម លើការផ្គត់ផ្គង់វិស័យថាមពលអគ្គិសនី និងបច្ចេកវិទ្យានៅកម្ពុជា ខណៈដែលរដ្ឋាភិបាលបានប្រកាសស្វាគមន៍ រាល់គម្រោងវិនិយោគបរទេសទាំងអស់មកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងជំនួបពិភាក្សាជាមួយលោក Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុនSiemens Limited កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនSiemens Limited ត្រូវបានទទួលស្គាល់ថា ជាដៃគូសហការល្អដោយបានបោះទុនវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពល អគ្គិសនី និងសុខាភិបាលកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារៈទំនើប និងបច្ចេកវិទ្យាខ្ពស់។
-->
លោកឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាមានបំណងស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ ដែលអាចចូលរួមជាចំណែកគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
កម្ពុជានឹងបន្តកិច្ចសហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលអំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជាការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងចរាចរណ៍ជាដើម។
លោកដ្ឋមន្ត្រីបន្ថែមថា កម្ពុជាចង់ឃើញក្រុមហ៊ុនអឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយហេតុវិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើន (Engine of Growth) សម្រាប់កម្ពុជា។ បន្ថែមពីនេះរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការវិនិយោគបន្ថែម និងផ្តល់ប្រព្រឹត្តិកម្មសស្មើភាពគ្នា ចំពោះក្រុមហ៊ុនវិនិយោគទុនបរទេសទាំងអស់នៅកម្ពុជា រួមទាំងក្រុមហ៊ុន Siemens Limited ផងដែរ។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីបរទេស តាមរយៈការសម្រួលផ្នែកពាណិជ្ជកម្មបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងទៅថ្មីៗនេះ បានដាក់ចេញនូវកញ្ចប់កំណែទម្រង់ ជាវិធានការមុតស្រួចលើគ្រប់វិស័យ រួមមាន៖ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃអគ្គិសនី ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបន្តកំណែទម្រង់ស្ថាប័នជាដើម។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយរួមទាំង លើក្របខណ្ឌគតិយុត្ត និងបច្ចេកទេស៕