ដោយ Donald Lee និង ម៉ាណេត
ភ្នំពេញៈ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា កម្ពុជាបានក្លាយទៅជាទិសដៅកំពូលមួយសម្រាប់ការវិនិយោគបរទេស ខណៈសហភាពអឺរ៉ុបបានចាប់ផ្តើមនិតិវិធីក្នុងត្រួតពិនិត្យស្ថានភាពប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅកម្ពុជា។

-->
ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាង ១០ភាគរយ ឬស្មើនឹង៣១៥លានដុល្លារ និងមានទំហំទឹកប្រាក់ដល់ ៣,១ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការ ក្នុងពិនិត្យពីស្ថានភាពក្នុងការដក EBA ចេញពីកម្ពុជា។
ក្រុមអ្នកឃ្លាំមើលរបស់សហភាពអឺរ៉ុប បានបញ្ចប់បេសកកម្មស្វែងរកការពិតរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃចន្ទ ហើយបាននិយាយថា រដ្ឋាភិបាលត្រូវការធ្វើឲ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ដើម្បីរក្សាផលប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែធានាថា EBA គឺអាចនឹងត្រូវព្យួរឬដកចេញនៅឆ្នាំ២០២០។
រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ និងត្រៀមខ្លួនទុកជាមុនលើការព្យួរ EBA និងអត្រាកំណើនផលទុនជាតិសរុប (GDP) អាចធ្លាក់ចុះជិត១ភាគរយ ដោយយោងតាមសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាជាតិឆ្នាំ២០២០-២០២២ ដែលបានចុះហត្ថលេខាដោយសម្តេចតជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមេសា។ កម្ពុជាបានអនុម័តកម្មវិធីលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជននានា ដើម្បីទូទាត់ការខាតបង់ ដែលនឹងកើតឡើងនៅពេលដែលគម្រោងលើកលែងពន្ធទៅទីផ្សារអឺរ៉ុបត្រូវបញ្ចប់។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ដ្រ បានមានប្រសាសន៍ថា “យើងនឹងធ្វើកំណែទម្រង់ ដែលនឹងកាត់បន្ថយចំណាយប្រតិបត្តិការ សម្រាប់អ្នកនាំចេញដែលមានតម្លៃជិត ២០០លានដុល្លារ”។ លោកបន្ថែមថា “ការកែទម្រង់នឹងមិនត្រឹមតែផ្តល់សមត្ថភាពដល់អ្នកនាំចេញ ដើម្បីប្រកួតប្រជែងក្នុងករណីនៃការព្យួរនោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការប្រកួតប្រជែងសម្រាប់ទំនិញកម្ពុជាផងដែរ”។
យោងតាមក្រុមអ្នកស្រាវជ្រាវវិស័យឧស្សាហកម្មបានឲ្យដឹងថា វិស័យចម្បងដែលនឹងត្រូវប៉ះពាល់ដោយការដកប្រាក់ EBA គឺវិស័យកាត់ដេរ និងស្បែកជើង។
លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងថា “វិស័យដែលនឹងទទួលរងផលប៉ះពាល់ច្រើនបំផុត គឺវិស័យកាត់ដេរ និងស្បែកជើង ដោយសារបរិមាណនាំចេញមាន ទឹកប្រាក់ចំនួនប្រហែល៥ពាន់លានដុល្លារ”។
សហភាពអឺរ៉ុបនៅតែជាទិសដៅនាំចេញដ៏សំខាន់របស់កម្ពុជា ដែលមានប្រមាណ ៤០ភាគរយនៃការនាំចេញរបស់កម្ពុជាសរុប។ ការនាំចេញទាំងនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនឡើងប្រមាណ២២៧ភាគរយនៅចន្លោះឆ្នាំ២០១១ និង២០១៦ ហើយមានទំហំទឹកប្រាក់ឈានដល់ជាង ៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
វិស័យវាយនភ័ណ្ឌរបស់កម្ពុជាបាននាំចេញ ៤៦ភាគរយ នៃផលិតផលវាយនភ័ណ្ឌសរុបរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប និងនាំទៅសហរដ្ឋអាមេរិកមាន ២៤ភាគរយ ជប៉ុនមាន ១៦ភាគរយ និងកាណាដា ៩ភាគរយ។
ក្រុមអ្នកវិភាគអះអាងថា ទោះបីជាការដក EBA នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីក៏ដោយ ក៏ការវិនិយោគបរទេសកើនឡើង និងការផ្លាស់ប្តូរក្រុមហ៊ុនផលិតកម្មពីប្រទេសចិន ទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា កម្ពុជាជាដើម នឹងធ្វើឲ្យកម្ពុជាកា្លយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
របាយការណ៍វិនិយោគពិភពលោកប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិបានបង្ហាញថា រោងចក្រកាត់ដេរកំពុងផ្លាស់ប្តូរទីកន្លែងយ៉ាងសកម្ម ទៅកាន់បណ្តាប្រទេសអាស៊ានរួមទាំង កម្ពុជា ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការធ្លាក់ចុះសេដ្ឋកិច្ចចិន។

របាយការណ៍វិនិយោគពិភពលោក របស់អង្គការសហប្រជាជាតិឆ្នាំ២០១៩ ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថា “ការផ្លាស់ប្តូរទីតាំង ដែលមានប្រតិបត្តិការប្រើប្រាស់កម្លាំងពលកម្មតម្លៃថ្លៃពីប្រទេសចិន ដែលមានក្រុមហ៊ុនដូចជា ផលិតសម្លៀកបំពាក់ និងស្បែកជើង កំពុងបង្កើនការវិនិយោគនៅតាមបណ្តាប្រទេសទាំងនេះ (បណ្តាអាស៊ាន)”។
ការកើនឡើងនៃទុនវិនិយោគនៅកម្ពុជា នៅតែមានផលវិជ្ជមាន ស្របពេលដែលការវិនិយោគផ្ទាល់ពីបរទេស នៅទូទាំងពិភពលោកបានធ្លាក់ចុះ ១៣ភាគរយ។
អគ្គនាយក UNCTAD លោក Mukhisa Kituyi បានថ្លែងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធថា “ភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មអាចនឹងធ្វើឲ្យមានហានិភ័យ ក្នុងការពឹងផ្អែកលើការវិនិយោគទុនផ្ទាល់ពីបរទេស នៅឆ្នាំ ២០១៩ និងអាចបន្តនៅពេលខាងមុខទៀត”៕