ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្នកំពុងចាត់ផ្តើមប្រែមុខប្រែមាត់ តាមរយៈគម្រោងអភិវឌ្ឍធំៗជាច្រើនបាន នឹងកំពុងបន្តហូរចូលទៅអភិវឌ្ឍន៍ ក្នុងខេត្តក្នុងមួយនេះមានទាំងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មនិងទេសចរណ៍ និងអគារឧស្សាហកម្មទំនើប។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺបានទទួលនូគវម្រោងវិនិយោគទាំងតូចទាំងធំជាច្រើនដោយក្នុងនោះ គម្រោងវិយោគធំៗចំនួន៣ កំពុងតែចាប់ផ្តើមប្រែមុខប្រែមាត់ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យអជ្ញាធរខេត្ត និងប្រជាពលរដ្ឋមានការអបអរសាទរសម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងខេត្តមួយនេះ ដែលកាលពីមុនខេត្តមួយនេះហាក់ត្រូវបានគេបំភ្លេច ឬទៅហួសមកហួស។
-->
១) គម្រោងអភិវឌ្ឍអគារភ្លោះពាណិជ្ជកម្ម
គម្រោងវិនិយោគសាងសង់អគារភ្លោះ ដោយអគារភ្លោះនេះទី១ មានកម្ពស់៣២ ជាន់ និងទី២មានកំពស់៦៤ជាន់ ដោយមាននូវផ្សារទំនើប អាគារការិយាល័យ និងកន្លែងកម្សាន្តជាដើម តែមិនទាន់បានបញ្ជាក់ពីទំហំថវិកាក្នុងការចំណាយនោះទេ។
អាគារភ្លោះនេះនឹងត្រូវសាងសង់ នៅកណ្តាលក្រុងច្បារមនខេត្តកំពង់ស្ពឺ ដោយវិនិយោគគិនខ្មែរ ស្របពេលដែលការសិក្សាពីគម្រោង និងប្លង់បានបញ្ចប់រួចរាល់ហើយ ដោយរង់ចាំតែការសម្រេច ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
២) គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ
ក្រុមហ៊ុន Jor Grand Eco Investment Co., Ltd. សម្រេចបោះទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
គម្រោងដ៏ធំនេះនៃមជ្ឈមណ្ឌលកម្សាន្តមួយនេះ នឹងអាចជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរាប់ពាន់កន្លែង។
៣) គម្រោងស្ពានអាកាសថ្មើរជើង
គម្រោងស្ពានអាកាសថ្មើរជើងដំបូងបង្អស់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗ ក្រោមអធិបតីភាពលោកវ៉ីសំណាងអភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ។
ស្ពាននេះនឹងត្រូវសាងសង់ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ ដោយមានប្រវែង៣០ម៉ែត្រកម្ពស់៥,២ម៉ែត្រទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេក្រោមជំនួយឧបត្ថម្ភពីលោកជំទាវសៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេង អភិវឌ្ឍន៍ក្នុងតម្លៃសាងសង់៣៤ម៉ឺនដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ។ វត្តមានស្ពានអាកាសថ្មើរជើងលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺមួយនេះ គឺជាផ្នែកមួយក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនោះ។
ខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់ឧស្សាហកម្មយ៉ាងឆាប់រហ័ស ដោយមានវត្តមានរោងចក្រ សហគ្រាសយ៉ាងច្រើន បានបើកដំណើរការនៅខេត្តមួយនេះ ដែលថ្នាក់ដឹកនាំខេត្តបានសម្តែងក្តីរីករាយ និងបានបង្ហើបថាឧស្សាហកម្មក្នុងខេត្តនេះ បានផ្តល់ចំណូល២០លានដុល្លារក្នុងមួយខែ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
បច្ចុប្បន្នខេត្តមួយនេះបាន និងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ច បានកាន់តែប្រសើរជាងមុន តាមរយៈលំហូរនៃអ្នកវិនិយោគជាច្រើន ដែលបានសាងងស់រោងចក្រ សហគ្រាសធំៗ ដែលសរុបមានចំនួន១៣០ទីតាំង (រោងចក្រស្បែកជើង និងរោងចក្រកាត់ដេរសំលៀកបំពាក់)។
ដោយឡែកសម្រាប់សិប្បកម្មខ្នាតមធ្យម និងក្រោមមធ្យម នៅតាមមូលដ្ឋានជាលក្ខណៈគ្រួសារផ្សេងៗ មានរហូតដល់ប្រមាណ៤៦០០មូលដ្ឋានដែលអាចអនុគ្រោះ និងផ្តល់ការងារជូនកម្មករ និយោជិតបានប្រមាណ៩១,០០០នាក់ និងក្រៅក្របខណ្ឌបានប្រមាណជិត៤០,០០០នាក់៕