ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Hauwei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសចិនមានបំណងសហការជាមួយក្រុមហ៊ុន China Communications Construction Co.Ltd គ្រោងនឹងការដំឡើងខ្សែកាបអុបទិកក្រោមដី ស្ថិតនៅចន្លោះខេត្តហុងកុង និងខេត្តព្រះសីហនុ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការរបស់ក្រុមហ៊ុន Huawei និងការគាំទ្រដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ របស់ក្រុមហ៊ុន។
-->
លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់កម្ពុជា (ដោយសហការជាមួយក្រុមហ៊ុន China Communications Construction Co.) ដែលពាក់ព័ន្ធ នឹងការដំឡើងខ្សែកាបអុបទិកក្រោមដី ស្ថិតនៅចន្លោះហុងកុង និងខេត្តព្រះសីហនុ។
លោកបន្តថា “នៅពេលបានដំឡើងរួចរាល់ បណ្តាញខ្សែកាបអុបទិកក្រោមដីទាំងនេះ នឹងអាចឱ្យកម្ពុជាតភ្ជាប់បណ្តាញប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿទុកចិត្តបាន”។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានណែនាំលោក Wong ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាព សហការជាមួយក្រសួង តាមរយៈ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងជំនាញឯកទេសរបស់ខ្លួន៕