ចំណេះដឹង​! តើ​គម្រោង​វិនិយោគ​បែប​ណា​ទើប​ទទួល​បានការ​លើកលែង​ពន្ធគយ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អនុលោម​តាមច្បាប់​ស្តី​ពី​ វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានតែ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទេ​ ដែល​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​នេះ​។

គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហៅ​កាត់​ថា​ គ. ល. គ មានន័យថា​គម្រោង​វិនិយោគ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ ចុះបញ្ជី​ជាស្ថាពរ​។ ដើម្បី​ទទួលស្គាល់​ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈ​ សម្បត្តិ​គ្រប់គ្រាន់​ អ្នក​វិនិយោគ​ត្រូវ​ដាក់​សំណើ​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក​) ឬ អនុ​គណៈកម្មាធិការ​វិនិយោគ​ ខេត្ត​ រាជធានី​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​។

តាមពិត​គម្រោង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​មាន​បី​ប្រភេទ​ ដូចជា​ ១)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បម្រើ​ទីផ្សារ​ក្នុង​ស្រុក​ ២)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បម្រើ​ឲ្យ​ការនាំចេញ​ ៣)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ជា​ឧស្សាហកម្ម​គាំទ្រ​។

យោង​តាម​អនុលោម​តាម​អនុក្រឹត្យ​លេខ១១១​ អន​ក្រ.បក​ ស្តី​ពី​ការអនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​បានការ​ លើកលែង​ពន្ធគយ​ទាំងស្រុង​ ឬជា​ភាគ​ផ្អែកលើ​ប្រភេទ​នី​មួយ​ៗនៃ​គម្រោង​ដូច​ខាងក្រោម​ ដូចជា​ ទី១​ ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បម្រើ​ទីផ្សារ​ក្នុង​ស្រុកៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​មិន​ បម្រើ​ឲ្យ​ការនាំចេញ​។

គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​សម្ភារ​បរិក្ខារ​ ផលិតកម្ម​ និង​សម្ភារ​សាងសង់​តែប៉ុណ្ណោះ​។ ក្នុងករណី​ដែល​គម្រោង​ប្រភេទ​នេះ​មានលទ្ធភាព​នាំចេញ​នូវ​ផ្នែក​ណាមួយ​ នៃ​ផលិតផល​ដែល​ផលិត​បាន​ដោយ​ផ្ទាល់​ ឬបាន​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​នាំចេញ​ បរិមាណ​ធាតុ​ចូល​ផលិតកម្ម​ ដែល​បាន​បង់ពន្ធ​នាំចូល​រួច​ យក​ទៅ​ផលិត​បម្រើការ​នាំចេញ​ដោយ​ផ្ទាល់​ ឬដោយប្រយោល​នោះ​ត្រូវ​បាន​ទទួលការ​លើកលែង​ពន្ធគយ​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​។

ទី២​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បម្រើ​ឲ្យ​ការ​នាំ​ចេ​ញៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​បាន​លក់​ ឬបាន​ផ្ទេរ​សមាមាត្រ​ណាមួយ​ នៃ​ផលិតផល​របស់​ខ្លួន​ទៅ​ឲ្យ​អ្នកទិញ​ ឬ អ្នកទទួល​នៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​សម្ភារ​បរិក្ខារ​ ផលិតកម្ម​ សម្ភារ​សាងសង់​ និង​ធាតុ​ចូល​ផលិតកម្ម​។

ដោយឡែក​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​ គ្រប់គ្រាន់​បម្រើ​ឲ្យ​ការនាំចេញ​ ដែល​ស្ថិតនៅ​ក្រោម​យន្តការ​ភណ្ឌាគារ​ផលិតកម្ម​ ក្រោម​ការគ្រប់គ្រង​ របស់​គយ​ ការលើកលែង​ពន្ធគយ​ត្រូវ​អនុវត្ត​ទៅតាមច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​របស់​យន្តការ​នោះ​។

​ធាតុ​ចូល​ផលិតកម្ម​ដែល​កែច្នៃ​ហើយ​មិនបាន​នាំចេញ​ ត្រូវ​បង់ពន្ធ​គយ​និង​អាករ​ឡើងវិញ​លើ​ធាតុ​ចូល​ ផលិតកម្ម​នា​ពេល​នាំចូល​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​។

ទី៣​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដែល​ជា​ឧស្សាហកម្ម​គាំ​ទ្រៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​ផលិតផល​របស់​ខ្លួន១០០ ​(មួយ​រយ​) ភាគរយ​ត្រូវ​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​នាំចេញ​ ជំនួស​វត្ថុធាតុដើម​ ឬសម្ភារ​បន្ទាប់បន្សំ​ដែល​តែងតែ​នាំចូល​។ គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​ សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារ​សាងសង់​ និង​ធាតុ​ចូល​ផលិតកម្ម​។

ប៉ុន្តែ​ក្នុងករណី​ដែល​គម្រោង​ទាំងនេះ​ មិនបាន​ធ្វើការ​ផ្គត់ផ្គង១០០​ (មួយ​រយ​) ភាគរយ​ នៃ​ផលិតផល​ដែល​ផលិត​បាន​ទៅដល់​ឧស្សាហកម្ម​នាំចេញ​ ឬនាំចេញ​ដោយ​ផ្ទាល់​ទេ​នោះ​ គម្រោង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទាំងនោះ​ ត្រូវ​បង់ពន្ធ​និង​អាករ​ឡើងវិញ​ លើ​ធាតុ​ចូល​ផលិតកម្ម​នា​ពេល​នាំចូល​នូវ​បរិមាណ​ ដែល​មិនបាន​ផ្គត់ផ្គង់​ឲ្យ​ឧស្សាហកម្ម​នាំចេញ​ ឬ នាំចេញ​ដោយ​ផ្ទាល់​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here