ដោយ វុត្ថា
ភ្នំពេញៈ អនុលោមតាមច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. ល. គ មានន័យថាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
តាមពិតគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ដូចជា ១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ ៣)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។
យោងតាមអនុលោមតាមអនុក្រឹត្យលេខ១១១ អនក្រ.បក ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការ លើកលែងពន្ធគយទាំងស្រុង ឬជាភាគផ្អែកលើប្រភេទនីមួយៗនៃគម្រោងដូចខាងក្រោម ដូចជា ទី១ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិន បម្រើឲ្យការនាំចេញ។
គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះមានលទ្ធភាពនាំចេញនូវផ្នែកណាមួយ នៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬបានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
ទី២ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើឲ្យការនាំចេញៈ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយ នៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។
ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោមការគ្រប់គ្រង របស់គយ ការលើកលែងពន្ធគយត្រូវអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់យន្តការនោះ។
ធាតុចូលផលិតកម្មដែលកែច្នៃហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
ទី៣ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។
ប៉ុន្តែក្នុងករណីដែលគម្រោងទាំងនេះ មិនបានធ្វើការផ្គត់ផ្គង១០០ (មួយរយ) ភាគរយ នៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណ ដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ ឬ នាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស៕