ស្ត្រី​ជើងខ្លាំង៣រូប​ និ​យាយ​ពី​យុទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ គង់ សូរិយា

ភ្នំពេញ​៖ ស្ត្រី​កម្ពុជា​ មិនមែន​ជា​ស្ត្រី​ដែល​គ្រាន់តែ​វិល​ជុំវិញ​ចង្ក្រាន​នោះ​ទៀត​ទេ​ ប៉ុន្តែ​ក្នុង​ដើម​សតវត្សរ៍​ទី២១នេះ​ ស្ត្រី​វ័យក្មេង​ជាច្រើន​បាន​អភិវឌ្ឍន៍​ខ្លួន​ពួកគេ​ ក្លាយជា​អ្នកដឹកនាំ​តាម​ស្ថាប័ន​នានា​ ពិសេស​វិស័យ​ឯកជន​ក៏​កាន់តែ​លេច​វត្តមាន​ស្ត្រី​កាន់តែ​ច្រើន​ ដែល​បង្ហាញខ្លួន​ជាមួយ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។

ស្ត្រី​ជើងខ្លាំង​ទាំង​បី​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ គឺ​លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិ​កកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ អ្នកនាង​ Grace​ Rachny​ Fong​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Century21​ Cambodia​ និង​អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ ពួកគេ​សុទ្ឋ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​ខ្លួន​ និង​ក្រុមហ៊ុន​របស់​ពួកគេ​រហូត​សម្រេច​បាន​ ជោគជ័យ​គួរឲ្យ​មោទនភាព​។

លោកស្រី​តាំង​ ហួរ​មាន​អតីតកាល​ជា​ក្មេង​ដើរ​ទូល​នំ​លក់​ ឆ្លងកាត់​បទពិសោធន៍​ការងារ​រាប់​ជំពូក​ និង​មានមុខ​ជំនួញ​ជាច្រើន​ ហើយក៏​ធ្លាប់​បរាជ័យ​ជាច្រើន​ក្នុង​មុខ​ជំនួញ​ផង​ដែរ​ ប៉ុន្តែ​ស្ត្រី​រូប​នេះ​មិនដែល​លះបង់​ការ​តស៊ូ​នោះ​ឡើយ​។ ទីបំផុត​ស្ត្រី​រូប​នេះ​ទទួល​បាន​ជគជ័យ​យ៉ាង​គួរឲ្យ​មោទនភាព​ ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ Co​, Ltd​។

លោកស្រី​ តាំង​ ហួរ​ បាន​លើកឡើង​ពី​ទស្សនវិស័យ​ និង​ការដឹកនាំ​ជីវិត​របស់​ខ្លួន​ថា​ គ្មាន​ជោគជ័យ​ណា​កើតឡើង​ ដោយ​គ្មាន​ការ​តស៊ូ​នោះ​ទេ​ ហើយ​គ្មាន​ឆាកជីវិត​រ៉ឹង​មាំ​ណា​ មិន​ឆ្លងកាត់​ការ​លំបាក​នោះ​ទេ​ ទស្សនវិជ្ជា​នេះ​ គឺ​បីដូច​ជា​ឆាកជីវិត​ស្ត្រី​រូប​នេះ​ផង​ដែរ​។

ពេលនេះ​លោកស្រី​បាន​មក​ឈរ​នៅ​ទីតាំង​មួយ​ខ្ពស់​ជាង​មុខ​ សកម្ម​ជាង​មុន​ និង​មាន​កិត្តិយស​ច្រើនជាង​មុន​នៅក្នុង​សង្គម​។ការងារ​ធ្វើជំនួញ​ និង​ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ​ មិនមែន​ជា​ការងារ​សាមញ្ញ​ពេក​នោះ​ទេ​ ហើយក៏​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ដោយ​ស្រួល​ឡើយ​ ព្រោះ​ការងារ​នេះ​ ជា​ការងារ​ត្រូវ​ធ្វើជា​មួយ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ និង​អ្នកមាន​អំណាច​នៅក្នុង​សង្គម​ ហេតុនេះ​ការ​កសាង​ទំនុកចិត្ត​ជា​រឿង​សំខាន់​បំផុត​។

ប៉ុន្តែ​ការ​មាន​ផែនការ​ និ​ងយុទ្ឋ​សាស្ត្រ​ច្បាស់លាស់​ បាន​ធ្វើឲ្យ​លោកស្រី​តាំង​ ហួរ​អាច​ដឹកនាំ​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ បាន​ដោយ​ជោគជ័យ​។ ​

លោកស្រី​បន្ត​ថា​ “ខ្ញុំ​អស់សង្ឃឹម​ និង​តែងតែ​ផ្តល់​កំលាំង​ចិត្ត​ដល់​ខ្លួនឯង​ មិនដែល​រុញរា​ឡើយ​ ហើយ​ការងារ​អ្វីក៏ដោយ​ យើង​មិន​អាច​ធ្វើ​ត្រឹមតែ​ដោយ​ក្តី​ស្រលាញ់​នោះ​ទេ​ តែ​យើង​ត្រូវ​មាន​ភាព​ប៉ិនប្រសព្វ​ផង​ដែរ​។លោកស្រី​បន្ត​ថា​“យើង​ត្រូវ​មាន​ជំនាញ​ និង​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​ឲ្យអស់​។

លោកស្រី​តាំង​ ហួរ​មា​នយុទ្ឋ​សាស្ត្រ​និង​គោលដៅ​របស់​ខ្លួន​ច្បាស់លាស់​ ដោយ​លោកស្រី​បាន​បញ្ជាក់​ថា​ “ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ យើង​ត្រូវ​ដាក់​ផែនការ​ឲ្យ​ចំ​ទិសដៅ​ ចំ​ផលិតផល​ ចំ​គំរោង​លុយ​ និង​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​។

លោកស្រី​បន្ត​ថា​ “យើង​ក៏​ត្រូវ​ដឹងចិត្ត​អតិថិជន​ អាច​ជួយការ​ងារ​អតិថិជន​ និង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ និង​និយាយ​អ្វី​ឲ្យ​ពិត​ ដើម្បីឲ្យ​គេ​ផ្តល់​ទំនុកចិត្ត​។ លោកស្រី​បន្ត​ថា​ “ពេលណា​យើង​មាន​អតិថិជន​មករ​កយើង​ ក្រុមហ៊ុន​យើង​សម្បូរ​អតិថិជន​ មានន័យថា​យើង​ទទួល​បាន​ជោគជ័យ​ហើយ​..សើច​…។

អ្នកនាង​ Grace​ Rachny​ Fong​ មាន​ឆាកជីវិត​កំសត់​មិនចាញ់​ លោកស្រី​តាំង​ ហួរ​ឡើយ​ អ្នកនាង​ Grace​ Rachny​ Fong​ បច្ចុប្បន្ន​ជា​នាយិកា​ប្រតិបត្តិ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Century21​ Cambodia​ មាន​អតីតកាល​ជា​ក្មេង​ទូល​ផ្លែឈើ​លក់​តាម​ភូមិ​ ធ្លាប់​ញ៉ាំបាយ​ជាមួយ​អំបិល​ និង​ជា​ក្មេងស្រី​មិន​ចេះនិយាយ​ស្តី​ម្នាក់​ ប៉ុន្តែ​ការ​អត់ធ្មត់​ និង​បន្ត​អភិវឌ្ឍ​ខ្លួនឯង​ ដោយ​យក​ការសិក្សា​ជាគោល​ដៅ​ចម្បង​ក្នុង​ជីវិត​ បាន​ធ្វើឲ្យ​ស្ត្រី​រូប​នេះ​ ក្លាយជា​គ្រូបង្វឹក​ផ្នែក​អចលនទ្រព្យ​អាជីព​ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ ហើយ​កាលពី​ពេល​ថ្មី​ៗនេះ​ អ្នកនាង​ Grace​ Rachny​ បាន​ទទួល​វិញ្ញាបនបត្រ​ ទទួលស្គាល់​ជា​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​។

ក្នុងចំណោម​បងប្អូន៤នាក់​ វាសនា​បាន​បន្សល់​តែ​អ្នកនាង​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រស់រាន​បន្ទាប់ពី​របប​ប៉ុល​ ពត​ ហើយ​បាន​ចាកចេញ​ពី​ស្រុកកំណើត​មកកាន់​ក្រុងភ្នំពេញ​ ជាមួយ​ឪពុកមា​ក្នុង​កំឡុង​ដើម​ទសវត្សរ៍​ទី៩០​ និង​បន្ត​សិក្សា​នៅ​ទីក្រុង​ ដែល​ទើប​បើកចំហ​សេដ្ឋកិច្ច​នា​ពេលនោះ​។

ក្នុង​របប​ប៉ុល​ ពតក្មេងស្រី​រូប​នេះ​រៀន​រស់​តាម​កាលៈទេសៈ​ ដោយពេល​ខ្លះ​មិន​មាន​អ្វី​បរិភោគ​បាយ​ ក្រៅពី​អំបិល​ឡើយ​។អ្នកនាង​ Grace​ Rachny​ Fong​ បាន​និយាយ​ក្នុង​ភាព​ជឿជាក់​ថា​ “ឆ្លងកាត់​លំបាក​ទាំងអស់​នោះ​ បាន​ធ្វើឲ្យ​ខ្ញុំ​រឹងមាំ​ និង​អាច​ដោះស្រាយ​បាន​គ្រប់​បញ្ហា​កើតឡើង​ ទោះ​បញ្ហា​នោះ​លំបាក​បែប​ណា​ក្តី​ គឺ​ខ្ញុំ​តែង​អាច​រក​មធ្យោបាយ​ដោះស្រាយ​បាន​ជានិច្ច​។

អ្នកនាង​ Grace​ បាន​អភិវឌ្ឍន៍​ខ្លួនឯង​ជាមួយនឹង​ការងារ​ និង​ការសិក្សា​មិន​ចេះ​ហត់នឿយ​ ដោយសារ​អ្នកនាង​យល់ឃើញ​ថា​ ​ការសិក្សា​តាមរយៈ​ការ​អាន​សៀវភៅ​ សិក្សា​ពី​មនុស្ស​ជំ​វិញ​ខ្លួន​ ព្រមទាំង​ភាព​ជូ​ចត់​ក្នុង​ជីវិត​នា​អតីតកាល​ មិន​ត្រឹមតែ​អាច​ឲ្យ​ Grace​ Rachny​ អាច​ក្រោកឈរ​ដោយ​រ៉ឹង​មាំ​ដោយខ្លួនឯង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏អាច​ឲ្យ​ស្ត្រី​រូប​នេះ​មាន​ឱកាស​ចែករំលែក​ចំ​នេះ​ដឹង​ បទពិសោធន៍​ដល់​អ្នកដទៃ​ទៀត​បាន​យ៉ាងច្រើន​ និង​ប្រកដ​ដោយ​ទំនុកចិត្ត​ខ្ពស់​។

អ្នកនាង​ Grace​ Rachny​ បាន​ផ្តល់​ទស្សន​របស់​ខ្លួន​ថា​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ យើង​ត្រូវ​រៀនសូត្រ​កុំ​ឈប់​ និង​មិន​ត្រូវ​ហត់នឿយ​នឹង​ការសិក្សា​នោះ​ទេ​ ធ្វើបែប​នេះ​ទើប​យើង​អាច​អភិវឌ្ឍន៍​ខ្លួនឯង​បាន​។ អ្នកនាង​បន្ត​ថា​ ក្រៅពី​ការ​បណ្តុះបណ្តាល​ ដោយ​ផ្ទាល់​នៅ​លក្រៅ​ប្រទេស​ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​សៀវភៅ​លើកទឹកចិត្ត​ ​អាន​កាសែត​ មើល​ទូរទស្សន៍​ រៀន​ពី​មនុស្ស​ជំ​វិញ​ខ្លួន​។

អ្នកនាង​បន្ត​ថា​ “ស្ត្រី​ទាំងឡាយ​ចូល​ប្រឡូក​ក្នុង​សង្គម​ សិក្សា​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​យកគុណ​តម្លៃ​របស់​ខ្លួន​ជួយ​ដល់​សង្គម​វិញ​។

អ្នកនាង​អាន​ សុធី​តា​ឆ្លងកាត់​ឆាកជីវិត​ ជាមួយ​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះខាត​ អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ CBRE​ Cambodia​ ក៏បាន​ឆ្លងកាត់​ការ​លំបាក​មិន​តិច​នោះ​ទេ​ ដោយពេល​មួយ​នោះ​អ្នកនាង​បាន​ទៅ​ធ្វើការ​រោងចក្រ​ ដើម្បី​សន្សំ​លុយ​រៀន​នៅ​មហាវិទ្យាល័យ​ពេលយប់​ដោយខ្លួនឯង​។

ស្ត្រី​វ័យក្មេង​រូប​នេះ​ បាន​រៀន​ជំនាញ​ផ្នែក​ Accounting​ ប៉ុន្តែ​បែរជា​ក្លាយជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ដោយសារ​អ្នកនាង​ធ្វើការ​មិន​ប្រកាន់ខ្លួន​ មិន​គិត​ពី​ពេលវេលា​ឈប់សម្រាក​ និង​តែងតែ​អភិវឌ្ឍន៍​ខ្លួនឯង​ជាមួយ​ចំ​នេះ​ដឹង​ផ្សេង​ៗ ពិសេស​ការងារ​លើ​វិស័យ​អចលនវត្ថុ​នានា​។

ចាប់ផ្តើម​ការងារ​ពី​បុគ្គលិក​សាមញ្ញ​ រហូត​ក្លាយជា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​ តើ​អ្នកនាង​មាន​វិធីសាស្ត្រ​អភិ​វឌ្ឈ​ន៍​ខ្លួនឯង​យ៉ាងដូច​ម្តេច​? ​អ្នកនាង​សុធី​តា​បាន​និយាយ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ថា​ “ខ្ញុំ​តែងតែ​ចាត់ទុក​ក្រុមហ៊ុន​ខ្ញុំ​ធ្វើការ​ជា​ក្រុមហ៊ុន​របស់​ខ្លួន​ និង​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​។

អ្នកនាង​បន្ថែម​ថា​ “ជាមួយគ្នា​នេះ​ យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ គោរព​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​ និង​ធ្វើការងារ​ដោយ​ទឹកចិត្ត​ចេញពី​បេះដូង​។ ទោះជា​ការងារ​រវល់​ និង​ហត់នឿយ​បែប​ណាក៏ដោយ​ ក៏​ស្ត្រី​រូប​នេះ​នៅតែ​បន្ត​ការសិក្សា​រហូតដល់​បច្ចុប្បន្ន​នេះ​ ដើម្បី​ពង្រីក​ការយល់​ដឹង​ និង​អាច​ជួយ​ពង្រឹង​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ថែមទៀត​។

ក្នុងនាម​ជា​នាយិកា​ប្រចាំ​ប្រទេស​ អ្នកនាង​ត្រូវ​មាន​ជំនាញ​គណនេយ្យ​ ដើម្បី​គ្រប់គ្រង​ចំណូល​ចំណាយ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ ហើយ​ត្រូវ​មាន​ជំនាញ​លក់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ការ​លក់​របស់​យើង​សម្រេច​តាម​ផែនការ​ និង​ជំនាញ​គ្រប់គ្រង​មនុស្ស​ ដែល​អ្នកនាង​មាន​អារម្មណ៍​ថា​ ពិបាក​ជាងគេ​។

អ្នកនាង​ធីតា​បាន​បន្ត​ថា​ “ការគ្រប់គ្រង​មនុស្ស​ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ជាងគេ​ ដោយសារ​ក្រុមហ៊ុន​មាន​បុគ្គលិក​ច្រើន​នាក់​ និង​មាន៦ជនជាតិ​ ដែល​ត្រូវ​ធ្វើការ​ជាមួយ​។ អ្នកនាង​បន្ត​ថា​ “ក្នុង​តួនាទី​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ ហើយ​មាន​តួនាទី​ដឹកនាំ​មនុស្ស​ជាង៤០នាក់​ គឺ​ធម្មតា​មាន​អត្ត​ចរិ​ក៤០ប្រភេទ​ ហេតុនេះ​យើង​ត្រូវ​ប្រាកដ​ថា​ ពួកគេ​អាច​ធ្វើការងារ​ជា​ក្រុម​និង​សម្រេច​គោលដៅ​បាន​។

វិធី​សា​ស្ត្រដើម​ម្បី​ដឹកនាំ​ក្រុមហ៊ុន​ និង​ដឹកនាំ​បុគ្គលិក​ក្រុមហ៊ុន​ធ្វើការ​ដោយ​ទទួលខុសត្រូវ​ និង​សម្រ​ចបា​នតាម​ផែនការ​របស់​ពួកគេ​ មិនមែន​ជា​ការ​ងាយ​ឡើយ​។ ដំណោះស្រាយ​បញ្ហា​នេះ​ អ្នកនាង​ធីតា​បាន​លើកឡើង​ថា​ “យើង​ត្រូវ​រួមចំណែក​ជោគជ័យ​ និង​លំបាក​ជាមួយ​បុគ្គលិក​ ហើយ​យើង​ត្រូវ​ផ្តល់​ការងារ​ល្អ​ និង​ចំណូល​ពី​ការងារ​សមរម្យ​សម្រាប់​បុគ្គលិក​។

អ្នកនាង​បន្ត​ថា​ “លើស​ពីនេះ​យើង​ត្រូវ​ផ្តល់​បរិយាកាស​ការងារ​ល្អ​ និង​ពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ ដោយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ទាំង​ក្នុង​និង​ក្រៅប្រទេស​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here