ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយបដិសេធ ចំពោះមន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចំានៅកម្ពុជា ដែលបានលើកឡើងថា ក្រុមហ៊ុនចិនមួយចំនួនប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បញ្ជូនទំនិញពីចិនទៅសហរដ្ឋអាមេរិក ដើម្បីគេចវេសពីការបង់ពន្ធឬបង់ពន្ធទាប។
សេចក្តីប្រកាសព័តមានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានឱ្យចេញផ្សាយតាំងពី ថ្ងៃទី២២ ខែមិថុនា កន្លងមកបានឲ្យដឹងថា ការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិកនេះ ; ពុំមានមូលដ្ឋានច្បាស់លាស់ឡើយពោល គឺផ្ទុយពីការអនុវត្តជាក់ស្តែង ព្រោះថាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្សៅអាហារ ធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបទេ។
-->
សេចក្តីប្រកាសដដែលបានបន្តថា ចំពោះផលិតផលអាស៊ីដអាមីណូ កន្លងទៅក្រុមហ៊ុន INFINITE MANUFACTURING Co.,LTD. ដែលបានទទួលច្បាប់អនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាំងពិដើមខែកុម្ភៈឆ្នាំ ២០១៥ បានធ្វើប្រតិបត្តិការផលិតកម្ម និងនាំចេញរហូតដល់ខែសីហា ឆ្នាំ២០១៧ ។ ប៉ុន្តែចាប់តាំងខែកញ្ញា ឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះពុំបានដំណើរការផលិតកម្ម និងសកម្មភាពនាំចេញឡើយ។
ក្រសួងពាណិជ្ជកម្មឱ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពហុបំណង ដែលប្រមូលផ្តុំទៅដោយសហគ្រាសចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម។ល។ ហើយមានផលិតនូវទំនិញចម្រុះដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូប និងផលិតផលស្បែកជើង និងឧបករណ៍ផ្សេងៗផងដែរ។
ក្រសួងបញ្ជាក់ថា ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តន៍តាមនីតិវិធីច្បាស់លាស់ ពោលគឺផលិតកម្មត្រូវអនុលោម តាមវិធានប្រភពដើមទំនិញ រីឯការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច ត្រូវបានកត់ត្រាត្រឹមត្រូវ ព្រមទាំងមានតម្កល់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផង។ ដើម្បីអាចប្រតិបត្តិការផលិតកម្មរបស់ខ្លួនបានក្រុមហ៊ុនត្រូវ មានអជ្ញាប័ណ្ណវិនិយោគនិងបានចុំបញ្ជីត្រឹមត្រូវ មានទីតាំង និងមូលដ្ឋានផលិតកម្មច្បាស់លាស់ ដើម្បីបម្រើការផលិត កែឆ្នៃ និងនាំចេញ ស្នើសុំបញ្ជីមេ (Master List) ដែលរាយលម្អិតនូវប្រភេទវត្ថុធាតុដើមត្រូវនាំចូល ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជៀសវាងការនាំចូលផលិតផលសម្រេច និងរាល់វត្ថុធាតុដើមដែលនាំចូល ត្រូវផ្ទៀងផ្ទាត់ជាមួយបញ្ជីមេ និងឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែងរបស់អាជ្ញាធរគយ និងរដ្ឋករកម្ពុជា។
កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានរ៉យទ័រ (Reuters) និងវិទ្យុអាស៊ីសេរី (RFA)បានដកស្រង់សម្តីមន្ត្រី នាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes )ដែលបានអះអាងថា នាយកដ្ឋានសន្តិសុខជាតិអាមេរិក បានត្រួតពិនិត្យរកឃើញ និងផាកពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួន មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបំរាមគយរបស់អាមេរិកដោយថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិន មានដូចជា អាស៊ីដអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ (ពោត ស្រូវ ឬដំឡូង) និងបំពង់ដែកថែម។ល។ ទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសកម្ពុជា ដើម្បីគេចវេសពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង៕