ដោយ វុត្ថា
ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ប្រទេសកូរ៉េ បានអះអាងឱ្យដឹងថា ខ្លួនមានបំណងវិនិយោគ និងសហប្រតិបត្តការវិនិយោគលើវិស័យចំនួន ៦ នៅក្នុងប្រទេសកម្ពុជា។
លោក Maeng Gyeong Jae អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំរដ្ឋបាលខេត្ត Chungcheongbuk-do នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ដំណើរទស្សនកកិច្ចរបស់គណៈប្រតិភូរបស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីការអភិវឌ្ឍកម្ពុជា ពិសេសដឹកនាំគណៈប្រតិភូដែលមានសហគ្រិនកូរ៉េមកពីខេត្ត Chungcheongbuk-do ដើម្បីស្វែងរកឪកាសវិនិយោគ និងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។
-->
លោកបញ្ជាក់ថា គម្រោងវិនិយោគទាំង៦ គឺ Bio Industry, Solar Power and New Energy Industry, Cosmetic and Beauty Industry, Organic and Food Industry, New Transportation and Aviation Industry និង ICT Convergence Industry ។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរាបជូនគណៈប្រតិភូកូរ៉េអំពីវឌ្ឍនភាពការងាររបស់រដ្ឋាភិបាលកន្លងមក ពិសេសវឌ្ឍនភពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈកូរ៉េ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគឯកជនពីសាធារណរដ្ឋកូរ៉េ។
ហិរញ្ញប្បទានកូរ៉េត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងមតិយោបល់ពាក់ព័ន្ធនឹងវិស័យទាំង៦ និងបានចែករំលែកទស្សនៈក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត។
កិច្ចហសប្រតិបត្តិការកម្ពុជា-កូរ៉េមានភាពរីកចម្រើន និងកាន់តែទំលំទូលាយ។ ជាក់ស្តែង ទំហំហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េសម្រាប់ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់៕


