ដោយ វុត្ថា
វ៉ាស៊ីតោនៈ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទបានព្រមានពីការកើនឡើងនូវហានិភ័យរយៈពេលមធ្យម ចំពោះសេដ្ឋកិច្ចអាមេរិកដោយបានកត់សម្គាល់ថា មានការផ្លាស់ប្តូរភ្លាមៗនៃលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុ នាពេលថ្មីៗនេះ ឬការប៉ះទង្គិចកាន់តែខ្លាំងឡើងនៃជម្លោះពាណិជ្ជកម្ម។
ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបានបញ្ចប់ការពិគ្រោះយោបល់មាត្រាទី៤ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យមើលឡើងវិញនូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកថា ប្រព័ន្ធហិរញ្ញវត្ថុហាក់ដូចជាមានសុខភាពល្អ ប៉ុន្តែភាពងាយរងគ្រោះនៅក្នុងក្រុមហ៊ុន ដែលមានអានុភាពខ្លាំងហើយសក្តានុពល នៅក្នុងប្រព័ន្ធមិនមែនធនាគារត្រូវបានលើកកំពស់ដោយស្តង់ដារ។
-->
ក្រុមប្រឹក្សានេះបានកត់សម្គាល់ថា សមាមាត្របំណុលសាធារណៈធៀបនឹងផលិតផលក្នុងស្រុករបស់សហរដ្ឋអាមេរិក ស្ថិតលើផ្លូវដែលគ្មាននិរន្តរភាព ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងរយៈពេលមធ្យម ដោយសារកំណើននៃការចំណាយចំពោះការកើនឡើងនៃអាយុរបស់មនុស្ស។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីពីរបីថ្ងៃមុន បន្ទាប់ពីសេចក្តីសន្និដ្ឋានដែលរៀបរាប់ពីលទ្ធផលបឋម នៃការពិគ្រោះយោបល់នោះបាននិយាយថា ការពិគ្រោះយោបល់ បានផ្តោតលើគោលនយោបាយដែលត្រូវការ ដើម្បីដោះស្រាយហានិភ័យទាំងនេះថែរក្សាស្ថេរភាពហិរញ្ញវត្ថុគាំទ្រ ដល់កំរិតជីវភាពរស់នៅសម្រាប់ប្រាក់ចំណូលទាបនិងមធ្យម គ្រួសារ និងកសាងឡើងវិញនូវចន្លោះសារពើពន្ធ។
ទោះបីជាមានលទ្ធផលវិជ្ជមានពីម៉ាក្រូសេដ្ឋកិច្ចក្តី ក៏ក្រុមប្រឹក្សាប្រតិបត្តិបាននិយាយថា អត្ថប្រយោជន៍ពីការរីកចម្រើនអស់រយៈពេលមួយទសវត្សរ៍នេះ មិនត្រូវបានគេចែករំលែកឱ្យបានទូលំទូលាយ តាមដែលពួកគេអាចធ្វើបាននោះទេ។ ដោយជម្រុញឱ្យរដ្ឋាភិបាលអាមេរិក ដោះស្រាយការកើនឡើងវិសមភាពប្រាក់ចំណូល និងបង្កើនលទ្ធផលសង្គម។
គណៈកម្មាធិការប្រតិបត្តិរបស់ IMF ក៏បានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិកធ្វើការប្រកបដោយការស្ថាបនា និងសហការជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដោះស្រាយភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងដោះស្រាយភាពតានតឹងពាណិជ្ជកម្មនៅក្នុងលក្ខណៈមួយ ដែលលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលមានលក្ខណៈទូលំទូលាយមានស្ថិរភាពនិងតម្លាភាពជាងមុន៕