ដោយ វុត្ថា
សៀមរាបៈ ក្រុមហ៊ុនអាកាឌីយ៉ាលែន ឯ.ក ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងកោះសង្សារនាពេលកន្លងមក គ្រោងដាំដើមឈើប្រមាណ១លានដើម តំបន់អភិវឌ្ឍន៍មួយកន្លែង នៅទីតាំងមួយកន្លែងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។
នៅក្នុងជំនួបជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ កន្លងមកនេះ លោកឡរី ហាន់ធ័រ តំណាងក្រុមហ៊ុនបានស្នើសុំឱ្យរដ្ឋបាលខេត្តជួយគាំទ្រដល់គម្រោងនេះ ហើយក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្រុមហ៊ុននឹងជួយការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ដាំព្រៃលិច ជួយអភិវឌ្ឍន៍សហគមន៍លើវិស័យអប់រំ សុខភាព និងធ្វើការដាំដុះព្រៃឈើនៅជុំវិញតំបន់នោះឡើងវិញ ឲ្យបានចំនួន១លានដើម។
-->
លោកបន្តថា ក្រុមហ៊ុនអាកាឌីយ៉ា ឯ.ក គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍គម្រោងកោះសង្សារនាពេលកន្លងមក។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានសម្តែងការសាទរចំពោះក្រុមហ៊ុន អាកាឌីយ៉ាលែន ឯ.ក ដែលបានជ្រើសរើសយកស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងនេះ ធ្វើជាទីតាំងវិនិយោគ ដោយគម្រោងនេះនឹងជួយលើកម្ពស់ជីវភាពបងប្អូននៅមូលដ្ឋាន តាមរយ:ការផ្តល់ការងារធ្វើ ជាពិសេសគឺការការពារបរិស្ថាននៅជុំវិញតំបន់អភិវឌ្ឍន៍។
លោក Rory Hunter អគ្គនាយក និងសហស្ថាបនិកSong Saa Collectives បានធ្លាប់បានឲ្យដឹងថា ការប្រកាសវិនិយោគគម្រោងថ្មីមួយទៀត នៅក្នុខេត្តសៀមរាបតម្លៃ ២៥០លានដុល្លារ ស្ថិតនៅលើទំហំដី១២៥ហិកតានេះ ក្រោយពីមើលឃើញខេត្តមួយនេះ កំពុងមានសក្កដានុពលទេសចរណ៍ កំណើនសេដ្ឋកិច្ចមានការរីកចម្រើន និងវិស័យអចលនទ្រព្យល្អប្រើសើរ។
លោកបន្តថា “គម្រោងថ្មីនេះមានឈ្មោះថា Song Saar Reserve នឹងវិយោគទៅជាកន្លែងបដិសណ្ឋារកិច្ច ផ្តល់នូវកន្លែងស្នាក់នៅនិងកន្លែងកម្សាន្តនានាជូនដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប”។
លោក ស្រី អាន ធីតា នាយិកានៃក្រុមហ៊ុន CBRE ដែលទទួលបានសិទ្ធិក្នុងការលក់គម្រោងនេះ បានអោយដឹងដែរថា ក្រុមហ៊ុនប្រកាសវិនិយោគនៅក្នុងខេត្តសៀមរាបនេះ គឺជាគម្រោងទី២ បន្ទាប់កោះសង្សារនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេទទួលស្គាល់ស្នាដៃ និង ការគ្រប់គ្រងល្អ ពីអ្នកវិនិយោគបរទេសជាច្រើនមកពីតំបន់អឺរ៉ុប និងអាស៊ី ហើយនេះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលបានប្រែក្លាយកោះទៅជាកន្លែងទេសចរណ៍ល្អស្អាតបែបនេះ។
លោកស្រីបន្តថា ការអភិវឌ្ឍន៍នូវគម្រោងថ្មីនៅក្នុងតំបន់បឹង ដែលគេហៅថា បឹងឈូកបន្ទាយស្រី នាខេត្តសៀមរាបនេះ ត្រូវបានពិនិត្យរួចរាល់ហើយ សម្រាប់ដាក់លក់អោយអ្នកវិនិយោគជាតិ និងបរទេសអោយមកសហការវិនិយោគតំបន់នេះ។
បើតាមការរំពឹងក្នុងរយៈ៣ ទៅ៥ឆ្នាំខាងមុខ គម្រោងនេះ នឹងអាចេញជារូបរាង ជា Luxury Resort ដែលទាក់ទាញ និងធ្វើអោយទីក្រុងសៀមរាបក្លាយជា ចំណាប់អារម្មណ៍ទេសចរណ៍បន្ថែមទៀត៕