ដោយ នៅ វឌ្ឈនា
ប្រទេសថៃៈ រដ្ឋមន្រ្តីនៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ចៅប្រាយ៉ា (CLMVT) បានជួបប្រជុំគ្នា ដើម្បីលើកឡើងនូវទស្សនទាននិងការដាក់ចេញផែនការ ដើម្បីសម្រេចឲ្យបាននូវមូលដ្ឋាននៃសង្វាក់ផលិតកម្មតម្លៃថ្មីសម្រាប់អាស៊ី។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី “CLMVT Forum 2019: CLMVT as the New Value Chain Hub of Asia” នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ អូឆា នាយករដ្ឋមន្រ្តីថៃ និងមានការចូលរួមបណ្តាប្រទេសដែលជាសមាជិក។ គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ច និងឧបសគ្គនានានៅក្នុងតំបន់ CLMVT។
-->
រដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនសរុបក្នុងតំបន់ CLMVT មានប្រមាណ២៦៧លាននាក់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង ៥.១% គិតត្រឹមឆ្នាំ២០១៨ និងលំហូរវិនិយោគបរទេសផ្ទាល់ (FDI) ស្មើនឹង៧.២%។ ប្រទេស CLMVT មានលក្ខណៈភូមិសាស្រ្ត និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អ តម្រូវឲ្យប្រទេសសមាជិកបង្កើនទំនាក់ទំនងល្អ និងលើកយកយន្តការចាំបាច់នានា ដើម្បីទាញយកផលចំណេញពីការធ្វើពាណិជ្ជកម្មក្នុងតំបន់របស់ខ្លួន សំដៅទាក់ទាញដៃគូអភិវឌ្ឍន៍នានាបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា បណ្តាប្រទេស CLMVT គួរសហការគ្នាក្នុងការដាក់ចេញនូវវិស័យ ដែលទទួលផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងពង្រឹងសាមគ្គីភាពនៅក្នុងតំបន់ CLMVT ផ្អែកលើមូលដ្ឋានឈ្នះ ឈ្នះ សំដៅឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសក្តានុពលភាព នៃប្រទេសជាសមាជិកសំដៅធ្វើម្ចាស់ពិតប្រាកដ លើប្រជាជាតិ CLMVT ទាំងអស់៕