ដោយនៅ ស៊ីវុត្ថា
ឥណ្ឌូនេស៊ីៈ អាជ្ញាធរទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ីគ្រោងចំណាយប្រាក់ជាង ៤០០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវរត់ភ្លើងល្បឿនមធ្យម នៅខែមិថុនាឆ្នាំ២០១៩នេះ បន្ទាប់ពីត្រូវបានសិក្សាបុរេលទ្ធភាពម្តងរួចកាលពីឆ្នាំមុន។
រដ្ឋបាលក្រុង Jakarta បានផ្តល់គម្រោងសិក្សាផ្លូវរត់ភ្លើងមួយនេះ ទៅឲ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលជាអ្នកអនុវត្តដោយផ្ទាល់។
-->
លោក Shinichi Yamanaka តំណាង JICA ប្រចាំនៅឥណ្ឌូនេស៊ីបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាលើគម្រោងមួយនេះ នឹងត្រូវចំណាយពេល១ឆ្នាំកន្លះ ពោលនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។
លោកបន្តថា “ការសម្រេចរបស់ JICA នឹងក្លាយជាការវិនិយោគតិចឬច្រើន អាស្រ័យអាស្រ័យលើលទ្ធផលនៃលទ្ធភាពការសិក្សា”។
គម្រោង Jakarta-Surabaya នឹងត្រូវបានគេកំណត់ចំណាយប្រហែល៦០ទ្រីលានរូពី (លុយឥណ្ឌូនេស៊ី) ដែលស្មើនឹងជាង ៤០០០លានដុល្លារអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួននេះនឹងមានការប្រែប្រួលអាស្រ័យលើលទ្ធផលនៃការសិក្សាចុងក្រោយ។
ថ្វីបើតួលេខវិនិយោគត្រូវបានកំណត់ក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ទិសដៅគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនមធ្យមនេះ ឲ្យសម្រេចតាមផែនការតាមការកំណត់ជាក់លាក់។
តាមការគ្រោងទុក គម្រោងសាងសង់ផ្លូវល្បឿនមធ្យមនេះ អាចរត់បាន៧២០ គីឡូម៉ែត្រ ក្នុងរយៈពេល៥.៥ម៉ោងឬ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

