ដោយៈ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះមនុស្សជាច្រើនបាននាំគ្នាងាកសម្លឹង ទៅលើការធ្វើជំនួញផ្នែកវិស័យអចលនទ្រព្យស្ទើរគ្រប់រូបភាព ទាំងការវិនិយោគក្នុងទ្រង់ទ្រាយធំរហូតដល់កម្រិតទាប ជាពិសេសការវិនិយោគលើវិស័យដីឡូតិ៍ ដែលកំពុងតែស្រូបទាញអ្នកជំនួញកម្រិតទាប និងមធ្យមឱ្យចូលរួមក្នុងវិស័យមួយនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានលើក ឡើងថា មិនថាទោះជាវិនិយោគក្នុងទ្រង់ទ្រាយបែបណានោះទេ នៅពេលដែលអ្នកបានដឹង និងយល់ច្បាស់ពីចំណុចសំខាន់ៗទាំង៣នេះ នោះការធ្វើជំនួញរបស់អ្នកអាចនឹងចៀសផុតពីហានីភ័យ និងខាតបង់។ ផ្ទុយទៅវិញអាចមានឱកាសខ្ពស់ ក្នុងការទទួលបានភាពជោគជ័យទៅលើការវិនិយោគថែមទៀតផង។
លោកឧកញ៉ាបន្តថា “បើចង់រីកចម្រើន និងទទួលបានប្រាក់ចំណេញពីការវិនិយោគអចលនទ្រព្យ ដូចជាការទិញដី ឬផ្ទះ ដើម្បីទុកលក់បន្តយកចំណេញ ដាច់ខាតត្រូវតែស្វែងយល់ពីចំណុចទាំង៣ដូចខាងក្រោមនេះ។
សិក្សាពីតម្លៃទីផ្សារក្នុងស្រុកៈ នេះជាកិច្ចការដំបូង ដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ឬទិញ ដោយទទួលបានផលចំណេញច្រើន។
អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?
២- សម្លឹងឆ្ពោះទៅតំបន់ជាយក្រុងៈ ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍ នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយនឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
៣- តាមដានព័ត៌មានឱ្យបានលម្អិតៈ ត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។
ម្យ៉ាងទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕






