ដោយ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា វត្តមានរបស់បណ្តាក្រុមហ៊ុន និងការបណ្តាក់ទុនវិនិយោគដោយផ្ទាល់របស់ក្រុមនហ៊ុនចិន គឺជាចំណែកមួយយ៉ាងធំ និងសំខាន់បំផុតក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេច តេជោ បានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានកាលពីដើមសប្តាហ៍នេះថា តាមបណ្តាប្រទេសនានានៅលើសាកលលោកបានទទូច និងព្យាយាមគៀងគរឱ្យមានក្រុមហ៊ុន និងបណ្តាអ្នកវិនិយោគចិនចូលទៅក្នុងប្រទេសរបស់ខ្លួន ដើម្បីសហការធ្វើជាដៃគូយ៉ាងជិតស្និទ្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ សម្ដេចបន្តទៀតថា “រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ បានព្យាយាមគៀងគរអ្នកវិនិយោគចិនឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងតែដើរនៅលើផ្លូវមួយនេះ។
-->
សម្ដេចបានបន្តទៀតថា “កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ជាពិសេស លើវិស័យសំណង់ ហើយយើងនៅតែស្វាគមន៍ និងទទូចសុំឱ្យមានការចូលមកវិនិយោគបន្ថែមទៀត”។
វត្តមានរបស់ក្រុមហ៊ុនចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមាន ដូចជា វិស័យកាត់ដេរ វិស័យកសិកឧស្សាហកម្ម វិស័យទេសចរណ៍ ការផ្គត់ផ្គង់ទៅលើវិស័យថាមពល ជាពិសេសវិស័យសំណង់បាន និងកំពុងឈានមុខគេ ខណៈដែលទុនវិនិយោគសរុប គិតជាមធ្យមក្នុងចន្លោះប្រមាណជិត២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍ដែលបង្ហាញ ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីពេលកន្លងទៅបានបញ្ជាក់ថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាងពាក់កណ្តាលជាការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈរីករាយស្វាគមន៍ និងទទូចឱ្យមានការវិនិយោគរបស់ក្រុមហ៊ុនចិន មកកាន់កម្ពុជាបន្ថែមទៀត។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍បង្ហាញពីការសាទរ និងគាំទ្រទៅលើគោលការណ៍របស់ប្រមុខរាជរដ្ឋាបាលកម្ពុជា។ លោកបន្តថា ប្រទេសមួយដែលអាចមានភាពរីកចម្រើន និងកំណើនសេដ្ឋកិច្ចរឹងមាំ គឺត្រូវពឹងអាស្រ័យទៅលើលំហូរចូល នៃចំនួនអ្នកវិនិយោគបរទេស។
លោកឧកញ៉ាបានបន្តទៀត “ថៃជាប្រទេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសដែលរីកចម្រើនជឿនលឿន និងអភិវឌ្ឍរួចទៅហើយនោះ ក៏នៅតែព្យាយាមអូសទាញអ្នកវិនិយោគចំរុះជាតិសាសន៍ ជាពិសេសក្រុមហ៊ុនចិនឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួនដែរ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា ការវិនិយោគនៅក្នុងប្រទេសមួយមិនបានត្រូវបានធ្វើឡើង ដោយមានការប្រកាន់ពូជសាសន៍នោះទេ មានន័យថា នៅពេលដែលមានការបណ្តាក់ទុនធ្វើជំនួញរួម គឺជាចំណុចវិជ្ជមានមួយដែលជួយជំរុញ ឱ្យប្រទេសជាតិទាំងមូលមានការអភិវឌ្ឍ”៕