ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០១៩ នាសួនសាធារណៈមាត់ស្ទឹងសៀមរាប ទល់មុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។
-->
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះផ្សាយថ្ងៃទី ២៥ ខែមិថុនា ម្សិលមិញនេះបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិត និងជំរុញការលើកទឹកចិត្តដល់សិប្បករ ផលិតករ និងសេវាករកម្ពុជា ខិតខំផលិតទំនិញ និងសេវាកម្មថ្មីៗ ប្លែកៗ សម្រាប់បម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាពិសេសជួយលើកកម្ពស់ការធ្វើធុរកិច្ចលើវិស័យវត្ថុអនុស្សាវរីយ៍ ផលិតផលកែច្នៃពីសូត្រខ្មែរ សម្ភារៈផ្ទះបាយ ផលិតផលសិប្បកម្ម ម្ហូបអាហារ និងភេសជ្ជៈ សេវាបោះពុម្ព និងផ្សព្វផ្សាយ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកទីផ្សារ។
នាឱកាសនេះធុរជន នឹងបានស្វែងយល់បទពិសោធន៍លើការកែច្នៃ ការវេចខ្ចប់ ការដាក់ស្លាកសញ្ញាលើផលិតរបស់ខ្លួន អនុលោមតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងកន្លងមកនេះថា កម្ពុជាបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌូនេស៊ី នៅលើវិស័យអាទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាលពីឆ្នាំមុនសម្រេចបានទឹកប្រាក់សរុប៥៣៩លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់២៦លានដុល្លារអាមេរិកនិងនាំចូលមានចំនួន៥១៤លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកនៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់៣១៨លានដុល្លារអាមេរិក គឺបានកើនឡើង៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧៕