ដោយគង់ សូរិយា, វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន និងចិនកំពុងសិក្សារួមគ្នាលើការសាងសង់ខ្សែរថភ្លើងលើអាកាស និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសាងសង់នៅពេលខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ មិថុនានេះថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុនបាននិងកំពុងសិក្សាលើគំរោងសាងសង់ ខ្សែរថភ្លើងអាកាសធុនស្រាល(AGT) នៅរាជធានីភ្នំពេញ និងផ្លូវក្រោមដី ខណៈក្រុមហ៊ុនដ៏ធំមកពីប្រទសចិនដែលជាក្រុមហ៊ុនរបស់ រដ្ឋាភិបាលចិនបាន និងកំពុងសិក្សាលើគំរោងស្រដៀងគ្នានេះផងដែរ ប៉ុន្តែការសិក្សាបញ្ចប់នៅពេលណាលោកមិនដឹងនៅឡើយទេ។
-->
លោកបន្តថា “វាជាគំរោងផ្សេងគ្នា តែមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនដឹងថាការសាងសង់ នឹងអាចធ្វើឡើងនៅពេលណានៅឡើយទេ”។លោកបន្តថា “យើងចង់ឲ្យមានខ្សែរថភ្លើងអាកាស ឬក្រោមដីសាងសង់ឲ្យចប់មុនការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ប៉ុន្តែខ្ញុំមិនប្រាកដថាគំរោងនេះអាចឆ្លើយតបបានទាន់ពេលវេលាឬយ៉ាងណាឡើយ”។
លោកសូរិយាបានបន្តថា កន្លងមកក្រុមហ៊ុនជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានសិក្សាពីផ្លូវរថភ្លើងអាកាសពីរខ្សែរួចហើយ ដោយចេញពីផ្លូវមុនីរ៉េត ឆ្ពោះទៅកាន់តំបន់ចោមចៅ ជាយក្រុងភ្នំពេញ និងមានខ្នែង១ខ្សែតភ្ជាប់់ជាមួយព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គំរោងនេះមានផ្លូវប្រវែង១២គីឡូម៉ែត្រ។
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលជាសហគ្រាសសំណង់ដ៏ធំរបស់រដ្ឋាភិបាលចិន បាននិងកំពុងសិក្សាដើម្បីចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូកាលពីពេលថ្មីៗនេះ លោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ ផ្លូវដែកចិន (CRCC) បានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម របស់ CRCC នៅក្នុងប្រទេសចិន និងការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕