ដោយ វុត្ថា
កំពង់សោម៖ ឧបនាយករដ្ឋមន្រ្តីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាឱ្យអជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីដោះស្រាយតាផ្លូវច្បាប់ បន្ទាប់ពីពិនិត្យឃើញការដ្ឋានសំណង់ណាមួយ ដែលសាងសង់គ្មានច្បាប់អនុញ្ញាត ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែមិថុនា ម្សិលមិញនេះថា រាល់សំណង់ដែលគ្មានច្បាប់ ចាប់ពីពេលនេះទៅអាជ្ញាធរត្រូវដាក់ ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមច្បាប់។ នៅចំពោះមុខនេះ យើងនឹងបង្កើតគណៈកម្មការដើម្បីចុះត្រួតពិនិត្យ រាល់សំណង់ទាំងអស់។
-->
លោកជា សុផារ៉ាបានបន្តថា “គណៈកម្មការនឹងចុះធ្វើការងារ នេះដោយប្រាកដប្រជាបំផុត និងព្រមទាំងបានរំលឹក ម្ចាស់សំណង់ទាំងអស់អោយត្រៀមឯកសារទាក់ទិននឹងសំណង់របស់ខ្លួន និងកុំមានទម្លាប់ពេលគណៈកម្មការចុះទៅហុចស្រោមសំបុត្រ។លោកបន្តថា ការបំពេញបេសកកម្ម គឺអនុវត្តតាមជំនាញ និងវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគកាន់តែធំកាន់តែច្រើន កាន់តែល្អថែមទៀត នៅក្នុងខេត្តព្រះសីហនុ តាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យវិនិយោគិនទាំងមានការនឹងនរចិត្ត ព្រោះគណៈកម្មការចុះទៅ មិនមែនបំភ័យបំភិត ដុតឲ្យខ្លោចរោលឱ្យឆៅនោះទេ។ តែវាគឺជាការគាំទ្រឲ្យបងប្អូនអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធានាបរិមាណ និងគុណភាព កុំមានការ មន្ទិលសង្ស័យ និងភិតភ័យ។
លោកថា “មុននឹងចាប់ផ្តើមសាងសង់ ត្រូវមានច្បាប់អនុញ្ញាត លិខិតបើកការដ្ឋានជាដើម”។
លោកឧបនាយករដ្ឋមន្ត្រីបានដាក់បញ្ជា ឱ្យមន្ត្រីចុះត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ និងដាក់ពាក្យប្តឹងទៅតុលានាពេលនេះ បន្ទាប់បន្ទាប់ពីមានឧប្បទ្ទវហេតុបាក់រលំអាគារកំពស់ ៧ជាន់ នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលអោយមានមនុស្សស្លាប់និងរបួសចំនួន៥៤នាក់ កាលពីរាត្រីទាបភ្លឺថ្ងៃទី២២មិថុនា២០១៩កន្លងទៅថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា គណៈកម្មការចំនួន៨ នឹងចុះត្រួតពិនិត្យគុណភាពនិងលក្ខណៈ បច្ចេកទេសនៃសំណង់ទាំងអស់ ដែលបាននឹងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុ៕