ដោយ ដែន ចែងចាំង
ភ្នំពេញ ៖ ផ្លូវល្បឿនលឿនចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះហើយ ដែលវានឹងបញ្ចប់ការទន្ទឹងរង់ចាំជាយូររបស់ប្រជាពលរដ្ឋខ្មែរ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការចចាដើម្បីឈានទៅសាងសង់ផ្លូវល្បឿនលឿន ដែលគ្រោងចំណាយប្រាក់២០០០លានដុល្លារ បានបញ្ចប់សព្វគ្រប់អស់ហើយ នៅតែរង់ចាំការចុះហត្ថលេខា ដើម្បីចាប់ផ្តើមសាងសង់ប៉ុណ្ណោះ។លោកបន្តថា ផ្លូវល្បើនលឿននេះ នឹងមានបួនគន្លងពីរទៅ ពីរមកនិងសាងសង់ដោយក្រុមហ៊ុនចិន។
លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿនមានសារៈសំខាន់ណាស់ ដើម្បីលើកកំពស់សេដ្ឋកិច្ច និងសង្គម ព្រោះដើម្បីជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត យើងត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន ដើម្បីសម្រួលការដឹកជញ្ជូន និងពា ណិជ្ជកម្មកម្ពុជា។
លោកបន្តថា “វាជាអាយុជីវិតជាតិ វាជាការជំរុញសេដ្ឋកិច្ចជាតិរបស់យើង ដើម្បីសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយ”។
តាមគំរោងផ្លូវល្បឿនលឿននេះ មិនអនុញ្ញាត្តឲ្យមានផ្លូវឆ្លងកាត់ច្រើននោះទេ ព្រោះវាជាផ្លូវល្បឿនលឿន ហើយផ្លូវនេះនឹងមានរបង ដែលមិនឲ្យគោ ក្របីឆ្លងកាត់បានឡើយ។ លោកសូរិយាបញ្ជាក់ឲ្យដឹង។