ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សជាច្រើនបានសម្រេចចិត្តឈានចូលប្រឡូក នៅក្នុងវិស័យអចលនទ្រព្យ ដោយសារពួកគេមើលឃើញឳកាសរីកចម្រើន និងផលចំណេញពីវិស័យនេះ ហើយអ្នកជំនាញក្នុងវិស័យនេះសុទ្ឋតែអះអាងស្រដៀងគ្នាថា វិស័យនេះនៅមានការរីកចម្រើនរយៈពេលវែងបន្តទៀត។
អគ្គនាយកក្រុមហ៊ុន មុំ វ៉ារិន អ៊ិនវេសម៉ិន (Mom Varin Investment) ដែលទើបតែចាប់ផ្តើមដំណើរការគម្រោងថ្មីមួយ ដែលជាបុត្រសម្ព័ន្ធមានឈ្មោះថា Property Investment & Development បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះថា ការចំណាយធនធាន ដើមទុន និងពេលវេលា ដើម្បីវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នាពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។
-->
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះវិស័យអចលនទ្រព្យនៅកម្ពុជា បានក្លាយទៅជាចំណុចមួយដែលមានការចាប់អារម្មណ៍ និងវិនិយោគជាច្រើន រាប់ទាំងបណ្តាក្រុមហ៊ុននៅក្នុងស្រុក និងក្រុមហ៊ុនមកពីក្រៅស្រុកផងដែរ”។ លោកបន្តទៀតថា “ការចាប់អារម្មណ៍ទាំងអស់នេះ ក៏ព្រោះតែកម្ពុជា គឺជាប្រទេសដែលកំពុងតែមានការអភិវឌ្ឍ ដែលតម្រូវឱ្យមានការប្រើប្រាស់ដីយ៉ាងច្រើនឥតគណនា”។
លោកបន្តថា នៅពេលមានតម្រូវការនៃការប្រើប្រាស់ដីកាន់តែច្រើន វានឹងជម្រុញឱ្យតម្លៃដីឡើងថ្លៃដោយស្វ័យប្រវត្តិ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងលើសលប់ចំពោះអ្នកវិនិយោគនៅក្នុងវិស័យមួយនេះ។
លោក មុំ វ៉ារិនបានមានប្រសាសន៍បន្តទៀតថា យ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបង្កើតឡើង ហើយភាគច្រើនគឺបង្កើតឡើងតាមគ្នា និងបម្រើផ្នែកសេវាដូចគ្នា ដែលធ្វើឱ្យកើតមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សាររួម ហើយជាធម្មតា នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំង ហានិភ័យ និងភាពរីកចម្រើន ស្ថិតនៅទន្ទឹមគ្នា។
លោកថា “អ្នកដែលមានឥទ្ធិពលល្អ អាចទទួលបានភាគលាភនៅលើទីផ្សារនៅពេលទទួលបានភាពជោគជ័យ លើការប្រកួតប្រជែង ប៉ុន្តែសម្រាប់អ្នកដែលចាញ់ក្នុងការប្រកួតប្រជែងនឹងបាត់បង់ចំណែកទីផ្សារ”។
នៅក្នុងទីផ្សារនៃវិស័យអចលនទ្រព្យ មានភាពធំទូលាយ និងមានច្រើនផ្នែក ដែលក្រៅពីការវាយតម្លៃ ការផ្តល់ប្រឹក្សា ការធ្វើជាភ្នាក់ងារក្នុងការទិញ លក់ និងជួល វានៅមានផ្នែកជាច្រើនទៀតដែលគួរតែមានការចាប់អារម្មណ៍ ចៀសវាងការធ្វើជំនួញជាន់ជើងគ្នាក្នុងផ្នែកតែមួយ។
លោកមុំ វ៉ារិនបានបន្តទៀតថា ក្រុមហ៊ុន Property Investment & Development ហាក់ដើរលើគន្លងផ្លូវមួយខុស ពីបណ្តាក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែលកំពុងមានដំណើរការនៅពេលបច្ចុប្បន្ននេះ។

លោកបន្តថា “កុំឃើញក្រុមហ៊ុនគេរីកចម្រើន ហើយព្យាយាមធ្វើឱ្យដូចជាគេដែរនោះ។ ខ្ញុំធ្វើការវិនិយោគដោយដើមទុន និងថវិកាផ្ទាល់ ហើយមិនមែនដេកទន្ទឹងរង់ចាំព្រេងសំណាងនោះទេ”៕