ផ្សារ​ទំនើប​ AEON​ Mall​ 3 គ្រោង​នឹង​បុក​គ្រឹះ​សាងសង់​នៅដើម​ឆ្នាំ២០២០​ ខាងមុខនេះ​ហើយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ គម្រោង​សាងសង់​ផ្សារ​ទំនើប ​AEON​ Mall 3​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សម្ដេច​ តេជោ​ ក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​ ING​ City​ នឹង​ធ្វើការ​ចាប់ផ្តើម​បុក​គ្រឹះ​នៅដើម​ឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​។ នេះ​បើ​ផ្អែក​តាម​ការ​បង្ហើប​ប្រាប់​ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ដែល​កំ​ពុង​ផ្អ​ត់​ផ្គង់​សម្ភារៈ​ បរិ​ក្ខា​ នានា​ដល់​ផ្សារ​ទំនើប​នេះ​ជាប្រចាំ​ បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៦​ មិថុនា​កន្លងមក​ថា​ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ គម្រោង​សាងសង់​ផ្សារ​ទំនើប​ AEON 3​ នឹង​ចាប់ផ្តើម​បុក​គ្រឹះ​ដំណើរការ​សាងសង់​ជា​ផ្លូវ​ការណ៍​ហើយ​។

ប្រភព​ដដែល​បាន​លើកឡើង​ថា​ “ផ្សារ​ទំនើប​លំដាប់​ពិភពលោក​ AEON​ Mall 3​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ខាងលើ​នេះ​ នឹង​ត្រូវ​ចំណាយពេល​សាងសង់​ត្រឹម២៤ខែ​ ស្មើនឹង​រយៈពេល២ឆ្នាំ​ឱ្យ​រួចរាល់​”។
លោក​បាន​បញ្ជាក់​ថា​ “ពេលនេះ​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ​ស្នើសុំ​ការសាងសង់​ រួម​ជាមួយនឹង​ឯកសារ​ក្នុង​ការ​ដឹកជញ្ជូន​សម្ភារៈ​ សម្រាប់​សាងសង់​ត្រូវ​បាន​ធ្វើរួចរាល់​ហើយ​”។

ទោះជាយ៉ាងណា​ក៏ដោយ​ ប្រភព​ដដែល​នេះ​ សុំ​មិន​បង្ហាញ​ពី​ចំនួន​ទុន​ចំណាយ​សរុប​ក្នុង​ការសាងសង់​នោះ​ទេ​។

កាលពី​ចុងឆ្នាំ២០១៨កន្លងទៅ​ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​បាន​លើកឡើង​ថា​ ផ្សារ​ទំនើប​ AEON 3​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​។ គម្រោង​ផ្សារ​ទំនើប​ AEON​ Mall 3​ នឹង​មានផ្ទៃ​ក្រឡា​សរុប​រហូតដល់​ទៅ​ ១៧៤​,០០០​ ម៉ែត្រការ៉េ​ ដែល​ធំជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប​ AEON​ 1 (៦៨០០០​ ម៉ែត្រការ៉េ​) និង​ផ្សារ​ទំនើប​ AEON​ 2 ខណ្ឌ​សែនសុខ​ (១០០០០០​ ម៉ែត្រការ៉េ​)។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ បានឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ក្រុមហ៊ុន​ AEON​ MALL​ GROUP​ បាន​ទិញ​ដី​ក្នុង​តម្លៃ​រហូតដល់​ជាង ១០០លាន​ដុល្លារ​នៅ​តំបន់​ខាងលើ​នេះ​ ដើម្បី​សាងសង់​ផ្សារ​ទំនើប​របស់​ខ្លួន​ ដែល​នេះ​ជា​គំរោង​វិនិយោគ​ដ៏​ធំ​មួយទៀត​របស់​ក្រុមហ៊ុន​ជប៉ុន​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ការ​មកដល់​នៃ​ក្រុមហ៊ុន​លំដាប់​អន្តរ​ជា​តិ​ល្បី​ៗ ពិសេស​ក្រុមហ៊ុន​ជប៉ុន​ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។

លោក​បន្ត​ថា​ “អ្នក​វិនិយោគ​ជប៉ុន​មិន​ងាយ​ចូល​ទៅ​វិនិយោគ​ ​នៅ​ប្រទេស​ណា​នោះ​ទេ​ ហេតុនេះ​នៅពេល​ពួកគេ​ទៅ​វិនិយោគ​មានន័យថា​ ប្រទេស​នោះ​មាន​បរិយាកាស​នយោបាយ​ល្អ​ និង​ស្ថានភាព​នៃ​ការ​វិនិយោគ​មាន​ភាព​ប្រសើរ​ ដែល​អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here